បារាំង

អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង ត្រូវតុលាការ​ផ្តន្ទាទោស ឲ្យ​ជាប់គុក​១ឆ្នាំ

លោក ក្លូដ ហ្គេអង់ (Claude Guéant) អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង និងជាអតីតដៃស្ដាំ របស់ប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី (Nicolas Sarkozy) ត្រូវបានតុលាការកំពូល សម្រេចតម្កល់សាលក្រម របស់តុលាការជាន់ទាប (សាលាឧទ្ធរណ៍) ដោយផ្ដន្ទាទោសរូបលោក ឲ្យជាប់ពន្ធនាគារពីរឆ្នាំ ក្នុងនោះមួយឆ្នាំត្រូវព្យួរទោស។

លោក ហ្គេអង់ ដែលឡើងធ្វើរដ្ឋមន្ត្រីមហាផ្ទៃ រវាងពីខែកុម្ភៈ ឆ្នាំ២០១១ មកដល់ខែឧសភា ឆ្នាំ២០១២ ត្រូវបានរកឃើញ ថាមានជាប់ពាក់ព័ន្ធ នឹងការលើក​ទឹកចិត្ត​ មន្ត្រី​​ក្រោមបង្គាប់ ដោយផ្ដល់ជាប្រាក់សុទ្ធ នៅក្នុងក្រសួងមហាផ្ទៃ។

សាលាឧទ្ធរណ៍បារាំង បានសម្រេចក្ដី ក្នុងសំនុំរឿងនេះ ដោយចេញសាលក្រម កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ផ្ដន្ទាទោសរូបលោក ឲ្យជាប់ពន្ធនាគារ ដូចរៀបរាប់ខាងលើ ហើយបានពិន័យលោក ជាប្រាក់ប្រមាណជា ៧៥ ០០០ អ៊ឺរ៉ូបន្ថែមទៀត (ក្នុងសំណុំរឿងតែមួយ) ពីបទលួចបង្វិល ហិរញ្ញវត្ថុសាធារណៈ។

យ៉ាងណា ការសម្រេចដាក់ពន្ធនាគារ ទៅលើ អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង មិនមានន័យស្មើ នឹងការចាប់ខ្លួនលោក ដាក់ពន្ធនាគារនោះទេ។ តាមច្បាប់ប្រទេសបារាំង ការជាប់ពន្ធនាគារ ដែលមានរយៈពេល តិចជាង២ឆ្នាំ អាចត្រូវផ្លាស់ប្ដូរ ដោយការដាក់ទោស បែបផ្សេងបាន។ ប៉ុន្តែលោក ហ្គេអង់ ត្រូវហាមឃាត់ មិនឲ្យធ្វើការ និងមានឋានៈតំណែង នៅក្នុងតួនាទីសាធារណៈ សម្រាប់រយៈពេល៥ឆ្នាំ

បើតាមបទចោទនោះ បានឲ្យដឹងថា លោក ក្លូដ ហ្គេអង់ បានប្រព្រឹត្តិទង្វើល្មើសនេះ រវាងពីឆ្នាំ២០០២ មកទល់នឹងឆ្នាំ២០០៤ នៅពេលលោក ជានាយកខុទ្ទកាល័យ របស់លោក នីកូឡា សាកូហ្សី ដែលពេលនោះ ជារដ្ឋមន្ត្រីមហាផ្ទៃបារាំង (មិនទាន់ក្លាយជាប្រធានាធិបតី)។

បើតាមការស៊ើបអង្កេត បានរកឃើញថា ទឹកប្រាក់សរុប (ជាប្រាក់សុទ្ធ) ប្រមាណជា ២១០ ០០០អ៊ឺរ៉ុប ដែលត្រូវបានផ្ដល់ ទៅឲ្យមន្ត្រីជាច្រើននាក់ ដែលជាសមាជិកខុទ្ទកាល័យ របស់លោក នីកូឡា សាកូហ្សី ដែលបានជាប់ឆ្នោត ក្លាយជាប្រធានាធិបតីបារាំង នៅឆ្នាំ២០០៧។

លោក ក្លូដ ហ្គេអង់ បានការពារខ្លួន នៅចំពោះតុលាការថា ទង្វើទាំងនេះ ជាការចាត់ចែង និងគ្រប់គ្រងធម្មតាមួយ នៅក្នុងក្រសួង ហើយបានគិតថា វាមិនមានអ្វី ជារឿងខុសច្បាប់ទេ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។