ជនសង្ស័យសំខាន់ជាងគេ នៅក្នុងហេតុការណ៍ បំផ្ទុះកញ្ចប់ផ្លុងចោល កណ្ដាលក្រុងលីយ៉ុង (ភាគខាងត្បូងបារាំង) កាលពីថ្ងៃសុក្រសប្ដាហ៍មុន បាន«សារភាព»ទង្វើរបស់ខ្លួន នៅចំពោះអ្នកស៊ើបអង្កេត។
បន្ទាប់ពីត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទីចន្ទ ទី២៧ ខែឧសភារួច យុវជនជាតិអាហ្សេរី ឈ្មោះ «Mohamed Hichem M.» អាយុ២៤ឆ្នាំ បានបដិសេធយ៉ាងដាច់អហង្កា នូវរាល់ការជាប់ពាក់ព័ន្ធ នៅក្នុងការបង្កៃគ្រាប់បែក ដែលបណ្ដាលឲ្យមនុស្ស ១៣នាក់រងរបួស ក្នុងមានម្នាក់ ជាកុមារីអាយុ១០ឆ្នាំ។
ទស្សនាវដ្ដីបារាំង «Le Point» បានអះអាងថា ប៉ុន្តែភស្ដុតាងជាច្រើន ដែលក្រុមអ្នកស៊ើបអង្កេត បានយកទៅបង្ហាញជនសង្ស័យ បានតម្រូវឲ្យជននេះ បង្ខំចិត្តត្រូវសារភាព ថាគ្រាប់បែកបង្កៃនោះ ពិតជាត្រូវខ្លួនផលិតឡើង នៅក្នុងផ្ទះរបស់ខ្លួន ដែលស្ថិតនៅតំបន់ជាយក្រុង ភាគខាងត្បូងក្រុង លីយ៉ុង។
ចម្លើយ«សារភាព»របស់និស្សិត ជាតិអាហ្សេរីរូបនេះ ដែលបានចូលមកសិក្សា នៅក្នុងប្រទេសបារាំង កាលពីរដូវក្ដៅឆ្នាំ២០១៧ បានធ្វើឲ្យគេគិតថា ការផលិត និងការបង្កៃគ្រាប់បែក របស់ជននេះ មានគម្រោងរៀបចំ តាំងពីច្រើនសប្ដាហ៍ហើយ។ យុវជន «Mohamed Hichem M.» បានអះអាងថា បានទិញ និងទទួលបានសម្ភារៈជាបន្តបន្ទាប់ ដើម្បីផលិតគ្រាប់បែក ពីគេហទំព័រលក់ទំនិញ នៅលើអ៊ិនធើណែត ដូចយ៉ាងគេហទំព័រ«Amazon» ជាដើម។
នៅក្នុងការចូលទៅឆែកឆេរ នៅក្នុងគេហដ្ឋាន របស់ឪពុកម្ដាយជនសង្ស័យ (ជនសង្ស័យរស់នៅ ជាមួយឪពុកម្ដាយខ្លួន) ភ្លាមៗក្រោយការចាប់ខ្លួននោះ អាជ្ញាធរបានរកឃើញ សម្បកកញ្ចប់ថ្មពិល ដូចគ្នានឹងថ្មពិល ដែលប្រើក្នុងគ្រាប់បែក – សារធាតុអាម៉ូញ៉ាក់ – សារធាតុអាស៊ីតក្លរីដ្រីច និងទឹកអ៊ុកស៊ីសែន ជាច្រើនដប ព្រមទាំងរកឃើញឧបករណ៍ សម្រាប់វាស់កម្លាំងអគ្គិសនី (Ampèremètre) មួយសម្រាប់ផង។
ជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅឲ្យចៅក្រមបារាំងជំនាញខាងភេរវកម្ម កាលពីថ្ងៃសុក្រម្សិលម៉ិញ ដើម្បីឲ្យចៅក្រមរូបនោះ សម្រេចពីវាសនាជននេះ ក្នុងជំហានបឋម។
នៅក្នុងការសារភាពជាបន្តបន្ទាប់ ជនសង្ស័យបានអះអាងថា បានស្បថស្បែរធ្វើការឲ្យអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS)។ អ្នកស៊ើបអង្កេតបារាំង ក៏បានរកឃើញស្លាកស្នាមជាច្រើន នៅក្នុងកំព្យូទ័ររបស់ជននេះ ដែលជាទំនាក់ទំនង ជាមួយអង្គការភេរវនិយម ខាងលើដែរ។
យ៉ាងណា មកដល់ម៉ោងនេះ គេមិនទាន់រកឃើញថា មានក្រុមណា ឬអង្គការភេរវនិយមណាមួយ ចេញមុខមកទទួលស្គាល់ ការបំផ្ទុះគ្រាប់បែកបង្កៃ ខាងលើទេ៕