ប្រធានាធិបតីជំនាន់ទី២២ នៃសាធារណរដ្ឋបារាំង លោក ហ្សាក់ ឈៀរ៉ាក់ (Jacques Chirac) បានទទួលមរណភាពហើយ ក្នុងជន្មាយុ៨៦ឆ្នាំ។ លោកបានលាចាកលោក ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានធ្លាក់ខ្លួន ក្នុងជម្ងឺសួតរ៉ាំរ៉ៃ បូកផ្សំនឹងជរាភាពផងនោះ។
លោក ឈៀងរ៉ាក់ កើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៣២ ក្នុងរដ្ឋធានីប៉ារីស និងបានជាប់ឆ្នោតដំបូង ជាប្រធានាធិបតីបារាំង នៅខែឧសភា ឆ្នាំ១៩៩៥ ក្នុងនាមជាបេក្ខជននិយមស្ដាំមួយរូប។ លោកត្រូវបានជ្រើសតាំងសារជាថ្មី ឲ្យបន្តតំណែងនេះ នៅខែឧសភា ឆ្នាំ២០០២ រហូតដល់ផុតអាណត្តិ។ ពោល គឺលោកបានកាន់តំណែងដ៏កំពូល របស់ប្រទេសបារាំង សម្រាប់រយៈពេល១២ឆ្នាំ (៧ឆ្នាំ+៥ឆ្នាំ)។
បន្ទាប់ពីបានបញ្ចប់តំណែងលោក ជាប្រធានាធិបតីរួច លោក ឈៀរ៉ាក់ បានក្លាយជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលមួយទៀត សម្រាប់ពិនិត្យទៅលើធម្មនុញ្ញភាព នៃបណ្ដាច្បាប់ទម្លាប់ និងដំណើរប្រព្រឹត្តិទៅ នៃអំណាចធំៗទាំងឡាយ ក្នុងប្រទេសបារាំង។
លោកអតីតប្រធានាធិបតី មានប្រជាប្រិយភាពខ្លាំងណាស់ នៅក្នុងស្រទាប់ពលរដ្ឋបារាំង បើធៀបនឹងប្រធានាធិបតីបារាំងដទៃទៀត។ លោកចាប់ផ្ដើមចូលប្រឡូក ក្នុងឆាកនយោបាយដំបូង នៅឆ្នាំ១៩៦៥ ក្នុងនាមជាទីប្រឹក្សាសាលាក្រុង «Sainte-Féréole» (Corrèze ភាគកណ្ដាល) មុននឹងបានជាប់ឆ្នោត ជាតំណាងរាស្ត្រ ប្រចាំតំបន់នោះ នៅ២ឆ្នាំក្រោយមក គឺក្នុងឆ្នាំ១៩៦៧។
ចាប់ពីឆ្នាំ១៩៧១ មក លោក ហ្សាក់ ឈៀរ៉ាក់ បានក្លាយជារដ្ឋមន្ត្រីច្រើនក្រសួង និងក្លាយជានាយករដ្ឋមន្ត្រី (ក្នុងឆ្នាំ១៩៧៤) ក្រោមសម័យកាលប្រធានាធិបតី ជំនាន់ទី២០ លោក «Valéry Giscard d’Estaing»។
បន្ទាប់ពីរយៈពេលនោះ លោកបានជាប់ឆ្នោត ធ្វើជាអភិបាលរដ្ឋធានីប៉ារីស ក្នុងឆ្នាំ១៩៧៧ ហើយបានត្រឡប់ទៅធ្វើជានាយករដ្ឋមន្ត្រីឡើងវិញ ក្នុងឆ្នាំ១៩៨៦ ក្រោមសម័យកាលប្រធានាធិបតី ជំនាន់ទី២១ លោក «François Mitterrand» ដែលជាដំណាក់កាលដ៏ពិបាក ដោយហេតុថា លោកមាននិន្នាការស្ដាំនិយម ខណៈប្រធានាធិបតី ជាឥស្សរៈជន មកពីគណបក្សឆ្វេងនិយម៕