បារាំង

អតីត​ប្រធានាធិបតី​បារាំង នឹងត្រូវ​កាត់ទោស ពីបទ​«ពុករលួយ»

តុលាការកំពូលបារាំង បានបញ្ជាក់នៅមុននេះបន្តិច ថាសំនុំរឿងដែលសង្ស័យអតីតប្រធានាធិបតី លោក នីកូឡា សារកូហ្សី ( Nicolas Sarkozy ) ថាបានពាក់ព័ន្ធក្នុងអំពើ«ពុករលួយ» នឹងត្រូវបញ្ជូនឡើងទៅជំនុំជម្រះ ក្នុងតុលាការព្រហ្មទណ្ឌ។

លោក នីកូឡា សារកូហ្សី តាមរយៈមេធាវីរបស់លោក បានប្ដឹងជំទាស់ជាបន្តរបន្ទាប់ រហូតដល់តុលាការកំពូល ក្នុងគោលបំណងបញ្ចៀស ការជំនុំជម្រះ ពីបទ«ពុករលួយ» និង«ប្រើអំណាចដើម្បីជះឥទ្ធិពល» នៅក្នុងសំនុំរឿង ដ៏ចម្រូងចម្រាសមួយ ដែលអតីតប្រធានាធិបតីបារាំងរូបនេះ ត្រូវបានរកឃើញ ថាធ្លាប់មានជាមួយលោក «Gilbert Azibert» ​អតីត​ចៅក្រម​មួយរូប នៃតុលាការកំពូលបារាំង។

ប៉ុន្តែ ស្ថាប័នយុត្តិធម៌ខ្ពស់ជាងគេ របស់ប្រទេសបារាំង បានសម្រេចបដិសេធការជំទាស់នោះ នៅថ្ងៃពុធទី១៩ ខែមិថុនានេះ។

បើតាមសារព័ត៌មានបារាំង ដែលស្រង់យកសេចក្ដីសម្រេច របស់តុលាការកំពូលមកផ្សាយ ក្នុងទំព័ររបស់ខ្លួន បានឲ្យដឹងថា សវនាការជំនុំជម្រះអតីតប្រធានាធិបតីបារាំង នឹងត្រូវប្រព្រឹត្តិទៅ ក្នុងប៉ុន្មានខែខាងមុខ ក្នុងតុលាការព្រហ្មទណ្ឌ នៃរដ្ឋធានីប៉ារីស។

នេះ ជាលើកទីមួយហើយ ដែលអតីតប្រធានាធិបតីបារាំង ត្រូវបានកាត់ទោស ពីបទ«ពុករលួយ»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។