បារាំង

នាយក​ផ្នែក​រចនាម៉ូដ​នៃយីហោ «CHANEL» ទទួល​មរណភាព

ពិភពរចនាម៉ូដ បានបាត់បង់មនុស្សដ៏សំខាន់ម្នាក់ នៅក្នុងថ្ងៃនេះ។ លោក «Karl Lagerfled» នាយកផ្នែករចនាម៉ូដ នៃយីហោ «CHANEL» បានទទួលមរណភាព ក្នុងជន្មាយុ៨៥ឆ្នាំ បន្ទាប់ពីលោកត្រូវបានបញ្ជូន ទៅសង្គ្រោះជាបន្ទាន់ ក្នុងយប់ថ្ងៃចន្ទម្សិលម៉ិញ នៅឯមន្ទីរពេទ្យអាមេរិក នៃរដ្ឋធានីប៉ារីស។

ដំណឹងដ៏រន្ធត់ត្រូវបានឲ្យដឹងដំបូងឡើយ ដោយទស្សនាវដ្ដីបារាំងដ៏ធំមួយ ឈ្មោះ «Paris Match»។ ប៉ុន្តែនៅបន្តិចក្រោយមក ដំណឹងនេះត្រូវបានបញ្ជាក់ជាផ្លូវការ ដោយក្រុមហ៊ុន «CHANEL»។ កាលពីប៉ុន្មាននាទីមុន ទំព័រទ្វីសធើររបស់ក្រុមហ៊ុនយក្ស ផ្នែករចនាម៉ូដមួយនេះ ទើបនឹងបង្ហោះរូបថតរបស់លោកមួយសន្លឹក ដោយសរសេរអមបញ្ជាក់ថា៖

«ជាមួយក្ដីក្រៀមក្រំដ៏ជ្រាលជ្រៅ ដែលក្រុមហ៊ុន “CHANEL” មានក្ដីសោកស្ដាយនឹងប្រកាស ពីមរណភាពរបស់លោក “Karl Lagerfeld” នាយកទទួលបន្ទុករចនាម៉ូដរបស់ក្រុមហ៊ុនយើង តាំងពីឆ្នាំ១៩៨៣។»

សុខភាពលោក «Karl Lagerfeld» បានធ្លាក់ចុះទ្រុឌទ្រោម តាំងពីច្រើនសប្ដាហ៍មកហើយ។ ការបង្ហាញខ្លួនជាសាធារណៈ លើកចុងក្រោយបង្អស់របស់លោក ក៏បានបង្ហាញឲ្យដឹងដែរថា កំពូលអ្នករចនាម៉ូដ​ជាតិអាល្លឺម៉ង់​រូបនេះ មានសុខភាពចុះខ្សោយដ៏ខ្លាំងដែរ។ នៅខែមករាកន្លងមកនេះ លោកមិនបានចូលរួម ក្នុងការបង្ហាញម៉ូដដ៏ធំរបស់ក្រុមហ៊ុនលោកនោះទេ។

លោក «Karl Lagerfeld» មិនមានកូនទេ រីឯមូលហេតុនៃមរណភាពរបស់លោក ក៏មិនត្រូវបានបង្ហើបឲ្យដឹងដែរ៕

លោក «Karl Lagerfeld» បង្ហាញខ្លួនក្នុងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ (រូបថតលើទ្វីសធើរ)
ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។