បារាំង

២០២១៖ ម៉ាក្រុង ជូនពរឆ្នាំថ្មីជុំវិញ«Covid-19 វ៉ាក់សាំង Brexit…»

លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានប្រើប្រាស់ឱកាស នៃប្រពៃណីជូនពរឆ្នាំថ្មី នៅយប់​ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២០ ដើម្បីលើកឡើង អំពីជំងឺរាតត្បាត កូវីដ-១៩ (Covid-19) យុទ្ធនាការចាក់ថ្នាំវ៉ាក់សាំង និងព្រឹត្តិការណ៍​ជាច្រើនទៀត រួមនឹង​«Brexit» ឬហៅថា ការចាកចេញ​របស់ចក្រភពអង់គ្លេស ពីសហភាពអ៊ឺរ៉ុបផង។

បើតាមលោកប្រធានាធិបតី បានអះអាងថា ប្រទេសបារាំងបានងើបចេញ ពីវិបត្តិជំងឺរាតត្បាត ជាមួយនឹងឯកភាពជាតិ និងបទពិសោធន៍។ លោកថា រដ្ឋបារាំងបានធ្វើ «ជម្រើសដ៏ល្អ នៅចំពេលដ៏ចាំបាច់» ហើយថា ប្រទេសបារាំងជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួន ដែលបានធ្វើអន្តរាគមន៍ ខ្លាំងជាងគេ ដើម្បីការពារ«យុវជន នយោជិក និងនយោជក»។

ជាមួយនឹងការថ្លែងគោរព ដល់វិញ្ញាណក្ខន្ធ នៃបណ្ដាជនរងគ្រោះបារាំង ប្រមាណជា៦៤​០០០នាក់ លោក ម៉ាក្រុង បានបញ្ជាក់ថា៖

«ខ្ញុំទទួលខុស នូវរាល់ការខាតបង់ បែបណាក៏ដោយ [នៅក្នុងវិបត្តិនេះ]។»

លោកប្រធានាធិបតី ម៉ាក្រុង បានលើកឡើង អំពីយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំង បង្ការជំងឺ«Covid-19» ដែលចាប់ផ្ដើមដំបូង នៅថ្ងៃទី២៧ ខែធ្នូកន្លងមក ដោយលោកបាន​ធ្វើការធានាថា នឹងមិនអនុញ្ញាត​ឲ្យមានភាពយឺតយ៉ាវ ខុសប្រក្រតីនោះឡើយ។ នៅអំឡុងរដូវផ្ការីកខាងមុខ (រវាងពីចុងខែមីនា ដល់ចុង​ខែមិថុនា) យុទ្ធនាការចាក់វ៉ាក់សាំង នឹងចប់សព្វគ្រប់ នៅក្នុងប្រទេសបារាំង ក៏ដូចជានៅតាម​បណ្ដាប្រទេស​នានា ក្នុងសហភាពអ៊ឺរ៉ុប។

លោកនិយាយថា៖

«ពលរដ្ឋបារាំងគ្រប់រូប ដែលមានបំណង ចង់ចាក់វ៉ាក់សាំង នឹងទទួលបានការចាក់វ៉ាក់សាំង ដោយភាពរលូន និងទៅតាមលំដាប់លំដោយ នៃក្របខណ្ឌអាទិភាព។»

ប្រមុខរដ្ឋបារាំងបានឆ្លៀតឱកាស នៃប្រពៃណីជូនពរឆ្នាំថ្មី ដើម្បីឧទ្ទិសដល់បណ្ដាពលរដ្ឋបារាំងទាំងអស់ ដែលបានពលីជីវិត នៅក្នុងឆ្នាំ​២០២០ ក្នុងនោះ មានលោកសាស្ត្រាចារ្យ សាមុយអែល ប៉ាទី (Samuel Paty) បណ្ដាទាហានបារាំង ដែលស្លាប់ក្នុងបេសកកម្ម នៅប្រទេស​ម៉ាលី (ខាងលិចទ្វីបអាហ្វ្រិក) និងមន្ត្រីអាវុធហត្ថបីនាក់ ដែលទើបត្រូវបានសម្លាប់ ព្រោះបានបំពេញភារកិច្ចរបស់ពួកគេ ដើម្បីអន្តរាគមន៍​ក្នុងអំពើហិង្សាក្នុងគ្រួសារមួយ កាលពីសប្ដាហ៍​កន្លងទៅ​ជាដើម។

ចំពោះការចាកចេញ របស់ចក្រភពអង់គ្លេស ពីសហភាពអ៊ឺរ៉ុប ឬហៅថា «Brexit» ត្រូវបានលោក ម៉ាក្រុង ចាត់ទុកថា ជាផលវិបាក ដែល​កើតចេញ​ពីភាពរកាំរកូស​ នៅក្នុងសហភាព រួមផ្សំនឹងការភូតកុហកជាច្រើន និងការសន្យាទាំងឡាយ ដែលមិនពិត។ តែលោកប្រធានាធិបតី បន្តអះអាងថា ចក្រភពអង់គ្លេស នៅតែជា​«មិត្ត និងសម្ព័ន្ធមិត្តរបស់យើង»​ជាដរាប៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។