«យើងនៅមានសំណាង ក្នុងការបញ្ចៀស ការបិទប្រទេសជាថ្មី» នេះជាការអះអាងឡើង របស់លោក ហ្សង់ កាស្ដិក (Jean Castex) នាយករដ្ឋមន្ត្រីបារាំង នៅចំពោះការបន្តរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) ក្នុងយប់ថ្ងៃសុក្រទី២៩ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីលោក បានចេញពីកិច្ចប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាការពារសុខភាព ដែលប្រព្រឹត្តិទៅ ក្នុងវិមានប្រធានាធិបតី អេលីហ្សេ (Elysée)។
តែ«សំណាង» ដែលលោកនាយករដ្ឋមន្ត្រីលើកឡើងនោះ បានភ្ជាប់មកជាមួយ នូវវិធានការថ្មីជាច្រើន ក្នុងនោះមានដូចជា ការបិទព្រំដែនជាមួយប្រទេស នៅខាងក្រៅសហភាពអ៊ឺរ៉ុប និងការបិទមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដែលមិនលក់ម្ហូបចំណី ជាដើម។
កាលពីពាក់កណ្ដាលខែមករា រដ្ឋាភិបាលបារាំងបានសម្រេច ឲ្យបិទបម្រាមគោចរ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង៦ភ្លឺ ដែលជាចំណាក់ការថ្មី បើធៀបនឹងបម្រាមលើកមុន ដែលសម្រេចឲ្យបិទបម្រាមគោចរ ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៦ភ្លឺ។
នៅចំពោះអ្នកសារព័ត៌មាន ក្នុងយប់ថ្ងៃសុក្រនេះ លោក ហ្សង់ កាស្ដិក បានថ្លែងឡើងថា៖
«បញ្ហានៃការបិទប្រទេសជាថ្មី អាចនឹងចោទឡើង ដោយស្របច្បាប់ ដោយយោងតាមទិន្នន័យ (នៃការឆ្លង) ដែលអាចបង្ក ឲ្យមានការរាតត្បាតដ៏ខ្លាំងមួយ។ ក្នុងប៉ុន្មានថ្ងៃទៅមុខ វានឹងបង្ហាញពីកត្តាកំណត់ ដែលឈានទៅចាត់វិធានការ ដ៏ចាំបាច់ណាផ្សេង (រាប់ទាំង ការបិទប្រទេសជាថ្មី)។»
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖
«រាល់ការធ្វើដំណើរ ចូលក្នុង និងចេញពី ប្រទេសបារាំង មកពី ឬទៅកាន់ ប្រទេសដែលនៅខាងក្រៅសហភាពអ៊ឺរ៉ុប នឹងត្រូវហាមឃាត់ លើកលែងតែហេតុផលចាំបាច់បំផុត។ ចំណាត់ការនេះ នឹងចូលជាធរមាន នៅថ្ងៃអាទិត្យខាងមុខ ចាប់ពីម៉ោង០០និង០០នាទី។»
លោកបន្តថា គ្រប់អ្នកធ្វើដំណើរ មកពីប្រទេសនៅក្នុងសហភាពអ៊ឺរ៉ុប នឹងតម្រូវឲ្យធ្វើតេស្ដិ៍ ដើម្បីស្វែងរកជំងឺកូវីដ មុននឹងអនុញ្ញាតឲ្យចូលប្រទេសបារាំង លើកលែងតែអ្នកធ្វើការ នៅជាប់ព្រំដែន ដែលត្រូវឆ្លងកាត់ទៅមក។ ចំណាត់ការនេះ បានចូលជាធរមានរួចហើយ តាំងពីថ្ងៃអាទិត្យមុន សម្រាប់អ្នកដំណើរ តាមផ្លូវអាកាស និងផ្លូវសមុទ្រ។ តែនៅពេលនេះ ចំណាត់ការដដែល នឹងអនុវត្តដូចគ្នា សម្រាប់អ្នកដំណើរតាមផ្លូវគោក។
ករណី«ផ្គើន»មួយចំនួន ត្រូវបានលោក ហ្សង់ កាស្ដិក អះអាងថា នឹងរងចំណាត់ការ ដោយការឹតបន្តឹងការត្រួតពិនិត្យ និងការផាកពិន័យ។ ការផ្អើនទាំងនោះ រួមមានក្នុងពេលកន្លងមក ដូចជាការជួបជុំផឹកស៊ី ល្មើសបម្រាមគោចរ ការបើកភោជនីយដ្ឋាន ដោយគ្មានការអនុញ្ញាតជាដើម។ លោក កាស្ដិក ថាមិនត្រូវទុកឲ្យការផ្អើនទាំងអស់នេះ បំផ្លាញការខិតខំ របស់ពលរដ្ឋទាំងអស់គ្នាឡើយ។
លោក ហ្សង់ កាស្ដិក បញ្ជាក់ទៀតថា មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដែលមានផ្ទៃក្រឡាលើសពី២០ ០០០ម៉ែត្រការ៉េ ដែលមិនមានលក់ម្ហូប-ចំណី នឹងត្រូវបិទទ្វា ចាប់ពីថ្ងៃអាទិត្យនេះ រហូតមានបទបញ្ជាជាថ្មី។ ហើយចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយ ទំហំចំនួនមនុស្ស នៅតាមផ្សារទំនើបនានា ក៏នឹងត្រូវពង្រឹង ដោយវិធានការថ្មីដែរ៕