បម្រាមបិទប្រទេស មិនមានការផ្លាស់ប្ដូរទេ បន្ទាប់ពីចំណាត់ការនេះ ( បម្រាមបិទប្រទេស ) ត្រូវបានដាក់ជាថ្មី កាលពីចុងខែតុលា ដើម្បីទប់ស្កាត់រលកទីពី នៃការរាតត្បាតជំងឺ «Covid-19»។ នេះ ជាការអះអាងឡើង របស់នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្ដិក (Jean Castex) ក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃព្រហស្បត្តិ៍នេះ ដោយបញ្ជាក់បន្ថែមថា បម្រាមនឹងបន្តរយៈពេល សម្រាប់១៥ថ្ងៃទៅមុខទៀត (រហូតដល់ថ្ងៃទី១ ខែធ្នូ)។
ដោយអមជាមួយរដ្ឋមន្ត្រី ចំនួន៤រូបទៀត លោក ហ្សង់ កាស្ដិក បានថ្លែងពីសន្និសីទសារព័ត៌មាន ដែលធ្វើក្នុងក្រសួងសុខាភិបាល (រដ្ឋធានីប៉ារីស – បារាំង) ថា មកដល់ថ្ងៃនេះ វាមិនទាន់ដល់ពេល ដែលត្រូវលើកចេញ ឬកាត់បន្ថយ នូវការដាក់កំហិត នៅទូទាំងប្រទេសនោះឡើយ។
លោក ហ្សង់ កាស្ដិក លើកឡើងថា ស្ថានភាពរាតត្បាត នៃមេរោគដ៏ចង្រៃ មានសភាពមិននឹងនរ ខណៈចំនួនអ្នកជំងឺ ចូលសម្រាកពេទ្យ បានកើនឡើងលើស ៣២ ០០០នាក់ រាប់មកដល់ល្ងាចថ្ងៃព្រហស្បត្តិ៍។ លោកថា៖
«តួលេខក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ បានបង្ហាញថា មានអ្នកជំងឺចូលសម្រាកពេទ្យ ជារៀងរាល់៣០វិនាទី – អ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់ ជារៀងរាល់៣នាទី និងមានអ្នកជំងឺម្នាក់ ពីក្នុងចំណោម៤នាក់ បានស្លាប់ក្រោមមូលហេតុ ដែលជាប់ទាក់ទង នឹងកូវីដ-១៩។»
ក្នុងឱកាសនោះ លោក កាស្ដិក បានលើកឡើងពីវិធានមួយចំនួន ដើម្បីបញ្ចៀសភាពធ្ងន់ធ្ងរ នៃស្ថានភាពរាតត្បាត ក្នុងនោះមានដូចជា៖