ប្រទេស បារាំងមានអ្នកជំងឺស្លាប់ ដោយមេរោគ «Covid-19» កើនឡើងដល់ជាង ២ម៉ឺននាក់។ អ្នកជំងឺដែលបានស្លាប់ ក្នុងថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០នេះ មានចំនួន ៥៤៧នាក់។
ប្រធានផ្នែកសុខាភិបាល នៃប្រទេសបារាំង លោក ហ្សេរ៉ូម សាឡូម៉ុង (Jerome Salomon) បានបង្ហើបតួលេខខាងលើ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ រៀបចំឡើងដោយរដ្ឋាភិបាល។ តែលោកបានឲ្យដឹងដែរថា ចំនួនអ្នកជំងឺដែលត្រូវកំណត់ ឲ្យនៅសម្រាកពេទ្យ និងចូលសង្គ្រោះបន្ទាន់ បានបន្តថយចុះ បើធៀបនឹងថ្ងៃកន្លងទៅ។
លោកអះអាងថា តួលេខអ្នកជំងឺ ដែលស្លាប់ មានចំនួន ២០ ២៦៥នាក់ ខណៈអ្នកជំងឺដែលបានជាសះស្បើយ មានចំនួនជាង ៣៧ ០០០នាក់។ លោកបន្តរៀបរាប់ថា៖
«ចំនួនអ្នកជំងឺ ដែលត្រូវសង្គ្រោះបន្ទាន់ បានបន្តថយចុះ ប៉ុន្តែចំនួននេះ នៅតិចនៅឡើយ។ ដូចគ្នានេះដែរ តាំងពី៦ថ្ងៃកន្លងមក ចំនួនអ្នកជំងឺ ដែលត្រូវនៅសម្រាកពេទ្យ បានបន្តថយចុះ រហូតដល់ចំនួន ៣០ ៥៨៤នាក់៕»