បារាំង

បាតុកម្ម«អាវកាក់លឿង»​ទី១៨៖ ធនាគារ តូប​​និង​ហាង​ជាច្រើន​​រងអគ្គិភ័យ

ចលនាទី១៨ នៃបាតុកម្មក្រុម«អាវកាក់លឿង»បារាំង បានយករដ្ឋធានីប៉ារីសធ្វើជាទិសដៅ ក្នុងថ្ងៃសៅរ៍ទី១៦ ខែមិនា ឆ្នាំ២០១៩នេះ ដើម្បីសំដែងកំហឹងរបស់បាតុករ ប្រឆាំងនឹងនយោបាយដឹកនាំដោយរដ្ឋាភិបាល របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។

ប៉ុន្តែមកដល់វេលារសៀល ឈានចូលដល់ល្ងាចថ្ងៃនេះ តុល្យភាពមានសភាពធ្ងន់ធ្ងរ ហួសពីការរំពឹងទុក។ ធនាគារ តូបកាសែត ហាងលក់ទំនិញ ភោជនីយដ្ឋានជាច្រើន នៅលើដងមហាវិថីដ៏ធំ ឈ្មោះ «Champs-Elysées» ត្រូវបានឆក់ប្លន់ បំផ្លិចបំផ្លាញ និងដុតកំទេច។ 

បាតុកម្មបានផ្ទុះឡើង តាំងពីព្រឹកថ្ងៃសៅរ៍នេះមក មានរួមបញ្ចូលដោយសមាសភាពមិនស្គាល់មុខ ជាពិសេសបាតុករដែលបិទមុខ ដែលចាំបាច់មានការឆ្លើយតប ពីសំណាក់កងកម្លាំងអាជ្ញាធរ។

ទិដ្ឋភាពនៃការវាយ-ឆក់ប្លន់-ដុតបំផ្លាញ ក្នុងថ្ងៃនេះ ធ្វើឲ្យឃើញនឹកឃើញឡើងវិញ ពីទិដ្ឋភាពក្នុងសប្ដាហ៍ដំបូងៗ នៃចលនាបាតុកម្មរបស់ក្រុម«អាវកាក់លឿង» ដែលប្រៀបបាននឹងការវាយប្រយុទ្ធគ្នាមួយ បានផ្ទុះឡើង។

ធនាគារមួយ នៅតាមដងវិថីនេះ បានរងការដុតបំផ្លាញ ដែលតម្រូវឲ្យអាជ្ញាធរត្រូវជម្លៀសអ្នករស់នៅ ក្នុងអាគារជាន់ខាងលើៗ ឲ្យចេញពីអាគារ។ រដ្ឋមន្ត្រីមហាផ្ទៃ លោក គ្រីស្ដូហ្វ៍ កាស្តាណេ (Christophe Castaner) បានហៅក្រុមអ្នកដុតបំផ្លាញនេះ ថាជា«ឃាតករ»។

នគរបាលបារាំងក៏បានចេញមុខធ្វើប្រតិកម្មដែរ ដោយចាត់ទុកអំពើហិង្សានេះ ថាជា«ទង្វើដ៏ងងឹតងងល់» និងជា«ការវាយប្រហារយ៉ាងកំសាក»។ ទំព័រទ្វីសធើររបស់នគរបាលបារាំង បានអះអាងពី ការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីធានាឲ្យបាន នូវសណ្ដាប់ធ្នាប់សាធារណៈ ដែលនឹងមិនថមថយសោះឡើយ។

នៅមុននេះបន្តិច លោក អេឌូអា ហ្វីលីព (Edouard Philippe) នាយករដ្ឋមន្ត្រីបារាំង បានអះអាងពីវិធានការ របស់រដ្ឋាភិបាលរបស់លោក ថានឹងត្រូវអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់បំផុត។ លោកថា ជនណាក៏ដោយ ដែលលើកទឹកចិត្តដល់ទង្វើនេះ នឹងត្រូវចាត់ទុកថា  ជាការរួមឃុបឃិត៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។