ដំណឹង

CNRP ថ្កោលទោស និងហៅ​ការចាប់​ខ្លួន រ៉ុង ឈុន ថា«រំលោភច្បាប់»

ការចាប់ខ្លួនលោកសាស្ត្រាចារ្យ រ៉ុង ឈុន ក្នុងយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ទទួល​បានការថ្កោលទោស ពីគណបក្សសង្គ្រោះជាតិ ដោយហៅការចាប់ខ្លួននេះ ជាទង្វើ​«រំលោភច្បាប់»​យ៉ាងកម្រោល ពីសំណាក់របបក្រុងភ្នំពេញ។

សេចក្ដីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ ដែលទស្សនាវដ្ដីបានទទួល នៅមុននេះ បានលើកឡើងថា សកម្មភាពរបស់លោក រ៉ុង ឈុន ក្នុងការចុះជួបពលរដ្ឋ នៅតាម​តំបន់​ជាប់ព្រំដែន កម្ពុជា-វៀតណាម ត្រូវបានធានាដោយច្បាប់ជាតិ និងអន្តរជាតិ ជាពិសេស​រដ្ឋធម្មនុញ្ញ របស់ប្រទេសកម្ពុជា។

គណបក្សប្រឆាំង ដែលត្រូវតុលាការរបបក្រុងភ្នំពេញ ចេញដីការំលាយ តាំងពី​ចុងឆ្នាំ​២០១៧ បានសរសេរថា៖

«សកម្មភាពទាំងនេះ របស់លោក រ៉ុង ឈុន គួរត្រូវបានគោរពគាំទ្រ និងការលើកទឹកចិត្ត នៃរបបក្រុងភ្នំពេញ តែផ្ទុយទៅវិញ បែរជារបបក្រុងភ្នំពេញធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួន​លោក រ៉ុង ឈុន ដោយអយុត្តិធម៌ និងរំលោភបំពានច្បាប់ យ៉ាងកម្រោលទៅវិញ។»

នៅវេលាម៉ោង៩ និង៤០នាទី ក្នុងយប់​ថ្ងៃទី​៣១ ខែកក្កដា លោក​សាស្ត្រាចារ្យ រ៉ុង ឈុន ត្រូវបានក្រុមមន្ត្រីស្លៀកពាក់ស៊ីវិល ប្រមាណជា៣០នាក់ ចាប់ខ្លួន ពីក្នុង​គេហដ្ឋាន​របស់​លោក ដែលស្ថិតក្នុងសង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះ បើ​តាម​ដំណឹង ដែលផ្ដល់ដោយ​អ្នកជិតដិត​របស់​លោក​ នៅក្រោយការចាប់ខ្លួន មុននឹង​អះអាង​បន្ថែម ដោយប្រព័ន្ធឃោសនាក្នុងស្រុក។

គណបក្សសង្គ្រោះជាតិ បានអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ ជាពិសេស​បណ្ដា​ប្រទេស​​ម្ចាស់​ហត្ថលេខី នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ឲ្យចាត់វិធានការ​ជាក់លាក់ ពិតប្រាកដ និងបន្ទាន់ ដើម្បីជំរុញឲ្យមានការដោះលែងលោក រ៉ុង ឈុន និង​អ្នកទោស​មនសិការទាំងអស់៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។