បដិសេធក្នុងការពាក់ម៉ាស់ ក្នុងថ្នាក់រៀន ទទួលបានលទ្ធផល ដោយការ«ទះកំផ្លៀង» ពីសំណាក់គ្រូបង្រៀនរបស់ខ្លួន។ នេះ បើតាមរូបភាពវីដេអូ ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម មុននឹងត្រូវប្រព័ន្ធសារព័ត៌មាន នៅប្រទេសអ៊ីតាលី ដកស្រង់យកមកធ្វើរបាយការណ៍ព្រោងព្រាត នៅចុងសប្ដាហ៍កន្លងមក។
ហេតុការណ៍កើតឡើង ក្នុងក្រុង «Teggiano» ស្ថិតក្នុងខេត្ត «Salerne» ភាគខាងត្បូងប្រទេសអ៊ីតាលី។ កូនសិស្សជំទង់អាយុ ១៥ឆ្នាំមួយរូប បានប្រកែកតមាត់ ជាមួយនឹងគ្រូបង្រៀនរបស់ខ្លួន ជុំវិញការបដិសេធរបស់សិស្សរូបនោះ មិនព្រមពាក់ម៉ាស់ (ដើម្បីការពារជំងឺ Covid-19) នៅក្នុងថ្នាក់រៀន។
នៅក្នុងរូបភាព គេឃើញ ការជជែកដ៏តឹងមាត់ បានបញ្ចប់ទៅ ដោយការទះកំផ្លៀង ពីសំណាក់គ្រូបង្រៀន ទៅលើកូនសិស្ស។ បន្ទាប់មក គ្រូបង្រៀនរូបនោះ បានចាប់សក់ក្បាលសិស្ស និងអង្រួនជាច្រើនដង។
បើតាមសារព័ត៌មាន «Corriere della Sera» ជម្លោះកើតឡើង នៅក្នុងពេលមានការជជែក អំពីវិធានការអនាម័យ ដែលត្រូវគោរព នៅក្នុងគ្រឹះស្ថានសិក្សានានា។ នាយកគ្រប់គ្រងសាលារៀន «Pomponio Leto» ដែលបានឃើញរូបភាពនោះ បានចាត់ទុកកាយវិការរបស់គ្រូបង្រៀន ដែល«ទះកំផ្លៀង»សិស្ស ថា«មិនអាចទទួលយកបាន»។
យ៉ាងណា អាជ្ញាធរខេត្ត «Salerne» បានប្រកាសបើកការស៊ើបអង្កេតមួយឡើង បើទោះជាគ្មានពាក្យបណ្ដឹងណាមួយ ត្រូវបានប្ដឹងក៏ដោយ។
សារព័ត៌មានតំបន់ «L’Occhio di Salerno» បានបញ្ជាក់បន្ថែមថា គ្រូបង្រៀនខាងលើ អាចប្រឈមនឹងការចោទប្រកាន់ ពីបទ«ប្រើមធ្យោបាយ ហួសក្បួនគរុកោសល្យ»។
ក្នុងប្រទេសអ៊ីតាលី គ្មានការដាក់កំហិត ឲ្យពាក់ម៉ាស់ នៅក្នុងថ្នាក់រៀនទេ។ តែក្រុមគ្រូបង្រៀន បានទាមទារតាំងពីច្រើនសប្ដាហ៍ហើយ ឲ្យមានវិធានការថ្មីមួយ ដើម្បីកំហិតឲ្យកូនសិស្ស ចាំបាច់ត្រូវពាក់ម៉ាស់ បើទោះជាពួកគេអង្គុយស្ងៀម នៅនឹងតុពួកគេក៏ដោយ៕