កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

នៅរដ្ឋធានីរ៉ូម នៃប្រទេសអ៊ីតាលី បុរសម្នាក់បានជាប់ខ្លួននៅក្រោមដី អស់រយៈពេលជាង៨ម៉ោង ដោយហេតុ«ដីធ្លាក់សង្កត់»។ នគរបាលបានសង្ស័យថា បុរសម្នាក់នេះរួមនឹងជនផ្សំគំនិត៣នាក់ទៀត ទំនងជាបានជីករូងក្រោមដី ចេញពីហាងមួយ ដើម្បីគ្រោងចូលលួចធនាគារនៅក្បែរនោះ។

ហេតុការណ៍បានកើតឡើង កាលពីព្រឹក​ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែសីហាកន្លងមក ហើយត្រូវបានសារព័ត៌មាន នៅក្នុងប្រទេសអ៊ីតាលីអង្កេត និងចេញរបាយការណ៍ជាបន្តបន្ទាប់។ សារព័ត៌មាន​«La Repubblica» និង«Le Corriere della sera» បាននិយាយថា បុរសជាជនសង្ស័យ ត្រូវបានជួយសង្គ្រោះចេញមក បន្ទាប់ពីជាប់ខ្លួន រវាងពី៨ទៅ៩ម៉ោង នៅក្រោម«ដីធ្លាក់សង្កត់» ស្ថិតនៅកណ្ដាលផ្លូវថ្នល់ នៃសង្កាត់«San Pietro»។

សារព័ត៌មានបានអះអាងថា ដំបូងឡើយអ្នកជួយសង្គ្រោះ បានខូងប្រហោងតូចមួយ ដើម្បីបញ្ជូនបំពង់ខ្យល់ទៅឲ្យបុរសដកដង្ហើម មុននឹងយុទ្ធនាការជីកនិងបូមដី ចាប់ផ្ដើមធ្វើ ដោយត្រាក់ទ័រកាយដី។

បុរសខាងលើ ដែលមានអាយុ៥០ឆ្នាំ ត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់ នៅឯមន្ទីរពេទ្យ និងកំពុងស្ថិតក្រោមការអង្កេត ពីសមត្ថកិច្ចនគរបាល ដែលបានចាប់ខ្លួន បុរស៣នាក់ទៀត ក្រោមការសង្ស័យ ពីបទផ្សំគំនិត។ 

សារព័ត៌មាន«La Repubblica» បានបញ្ជាក់ថា បុរសជាជនសង្ស័យម្នាក់ (ពីចំណោម៣នាក់) ដែលបានទូរស័ព្ទទៅអាជ្ញាធរ ដើម្បីស្វែងរកការជួយសង្គ្រោះ បន្ទាប់ពីបុរសខាងលើ បានជាប់ខ្លួនក្រោមគំនរដី។ ពួកគេទាំងបី បានប៉ុនប៉ងគេចខ្លួន នៅពេលកម្លាំងនគរបាល បានទៅដល់កន្លែងកើតហេតុ។

បើតាមប្រព័ន្ធផ្សព្វផ្សាយដដែល បានរាយការណ៍ថា ករណីសង្ស័យដ៏សំខាន់ជាងគេ គឺបុរសទាំង៤នាក់បានជីករូងដី ចេញពីហាងទំនេរមួយកន្លែង ដែលជនទាំងនេះទើបនឹងជួលបាន ដើម្បីឆ្ពោះទៅកាន់យ៉ាងហោចធនាគារមួយ ពីចំណោមធនាគារពីរ ដែលស្ថិតនៅក្បែរនោះ។ ពួកគេបានជីករូងដី សម្រេចបានចម្ងាយ ប្រមាណជា៥ ទៅ៦ម៉ែត្រហើយ មុននឹងរងគ្រោះ ដោយដីធ្លាក់សង្កត់។

បុរសទាំង៤ ទំនងជាមានគម្រោងឆ្លៀតឱកាសភាពស្ងប់ស្ងាត់ នៅថ្ងៃចុងសប្ដាហ៍នេះ ដែលនឹងបន្តសម្រាក បន្ថែមមួយថ្ងៃទៀត គឺថ្ងៃចន្ទ ទី១៥ ខែសីហា (ជាថ្ងៃបុណ្យសាសនាគ្រឹស្ទិ៍) ដើម្បីធ្វើសកម្មភាព​ចូលលួចធនាគារ តាមរយៈរូងក្រោមដី៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។