ហេតុការណ៍បានកើតឡើង នៅក្នុងប្រទេសរ៉ូម៉ានី។ ស្ត្រីជាម្ដាយ ដែលខឹងខ្លាំង ទប់កំហឹងមិនបានជាមួយមិត្តប្រុស បានគ្រវាត់កូនខ្ចីរបស់ខ្លួន ទៅលើកម្រាលឥដ្ឋ។
សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ហេតុការណ៍បានកើតឡើង ក្នុងសណ្ឋាគារមួយ នៃក្រុង «Timisoara» ភាគខាងលិចប្រទេសរ៉ូម៉ានី និងត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព របស់សណ្ឋាគារនោះ។
ស្ត្រីដែលជាម្ដាយ ជនជាតិអ៊ីតាលី និងមានអាយុ២១ឆ្នាំ បានមកលេងមិត្តប្រុសរបស់នាង នៅក្នុងក្រុងនេះ តាំងពីច្រើនខែមុន និងបានសំរាលកូន នៅទីនោះ។ ដោយសារការរាតត្បាត នៃជំងឺ«Covid-19» នាងត្រូវបង្ខំចិត្ត រស់នៅក្នុងបន្ទប់សណ្ឋាគារខាងលើ ប្រមាណជា២ខែមកហើយ។
មិត្តប្រុសរបស់នាង អាយុ៣៨ឆ្នាំ តែងមកមើលនាង និងកូន ជារឿយៗ រហូតលុះត្រាជម្លោះមួយ រវាងបុរសស្ត្រីទាំងពីរនាក់ បានផ្ទុះឡើង កាលពីចុងសប្ដាហ៍មុន។
ទារករងគ្រោះ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ «Louis Turcanu» នៅក្នុងក្រុង និងទទួលបាន ការសង្គ្រោះបន្ទាន់ ពីគ្រូពេទ្យ។ ក្នុងពេលបន្ទាប់មក ទារកត្រូវបានអនុញ្ញាត ឲ្យវិលត្រឡប់មកផ្ទះវិញ តែត្រូវដាក់ ឲ្យស្ថិតក្រោមការតាមដាន ពីគ្រូពេទ្យនៅឡើយ។
ចំណែកឯស្ត្រីជាម្ដាយ ត្រូវបានឃាត់ខ្លួន និងយកទៅឃុំ ជាបណ្ដោះអាសន្ន ខណៈការស៊ើបអង្កេតមួយ កំពុងបើកធ្វើ ដោយអាជ្ញាធរ។ គួរបញ្ជាក់ដែរថា ស្ត្រីជាតិអ៊ីតាលីរូបនេះ មានកូនម្នាក់ទៀត អាយុ៣ឆ្នាំ ដែលកំពុងរស់នៅ ក្នុងតំបន់ «Lombardis» ភាគខាងជើង នៃប្រទេសអ៊ីតាលី៕