ផ្ទាំងគំនូរមួយ របស់វិចិត្រករបារាំង លោក «Claude Monet» ដែលគូរអំពីគំនរចំបើង នៅក្នុងវាលស្រែមួយ ត្រូវបានលក់ដាច់ក្នុងតម្លៃ ១១០លានដុល្លារ (តម្លៃពិត១១០,៧លាន)។ ផ្ទាំងគំនូរនេះ ត្រូវបានដាក់ឲ្យដេញថ្លៃ នៅក្នុងពិធីដេញថ្លៃមួយ រៀបចំឡើងដោយ គ្រឹស្ថាន«Sotheby’s» នាទីក្រុងញ៉ូយក (អាមេរិក) កាលពីថ្ងៃអង្គារនេះ។
តម្លៃនេះ បានបំបែករាល់ឯកត្តកម្ម ពីរាល់ការដាក់លក់ដាច់ នូវផ្ទាំងគំនូរទាំងឡាយ នៅក្នុងពិភពលោក។
ផ្ទាំងគំនូរនេះ គូរនៅលើកំណាត់ ទំហំបណ្ដោយ៩២សង់ទីម៉ែត្រ និងកំពស់៧២សង់ទីម៉ែត្រ។ ជាគំនូរមួយ ពីក្នុងចំណោមគំនូរជាច្រើន របស់លោក «Claude Monet» ដែលគូរពីផ្ទាំងចំបើង និងវាលស្រែ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ផ្ទាំងគំនូរប្រហាក់ប្រហែលគ្នានេះ របស់វិចិត្រករខាងលើ ត្រូវបានលក់ដាច់ ក្នុងតម្លៃ ៨១,៤លានដុល្លារ។
ម្ចាស់កម្មសិទ្ធិ ដែលដាក់លក់គំនូរនេះ គឺជាអ្នកប្រមែប្រមូលវត្ថុសិល្បៈមួយរូប។ បុរស ដែលគេមិនស្គាល់ ពីអត្តសញ្ញាណនោះ បានទិញរូបគំនូរខាងលើ ពីក្នុងការដេញថ្លៃមួយ របស់គ្រឹះស្ថាន «Christie’s» កាលពីឆ្នាំ១៩៨៦ ក្នុងតម្លៃតែ២,៥លានដុល្លារប៉ុណ្ណោះ៕