កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភស្ត្រីពេស្យាប្ដូរភេទម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុងពេលកើតហេតុ។
ហេតុការណ៍ចាប់រំលោភបានកើតឡើង តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងព្រៃឧទ្យាន «Boulogne» ភាគនារតីនៃរដ្ឋធានីប៉ារីស។ ជនជាប់ចោទអាយុ២៨ឆ្នាំ ត្រូវបានរកឃើញ ថាបានប្រព្រឹត្តិកំហុស មិនត្រឹមតែដូចបទចោទខាងលើទេ តែនៅមានបទចោទផ្សេងទៀត ក្នុងនោះ បទចោរកម្ម – និងបទជំរុញឲ្យប្រព្រឹត្តិពេស្យាកម្ម ដែលទោសសរុប អាចជាប់ក្នុងពន្ធនាគារ រហូតដល់២០ឆ្នាំ។
តែនៅក្នុងសវនាការ ដែលត្រូវបានបើកធ្វើ តាំងពីថ្ងៃអង្គារទី១៦ ខែមីនា ឆ្នាំ២០២១ យុវជនដៃដល់បានទទួលស្គាល់ថា ខ្លួនពិតជាបានរំលោភនាង «Cristina T.» ដែលបានប្ដូរភេទ និងមានអាយុ៣៩ឆ្នាំ ដោយប្រើកាំបិតគម្រាម។
បន្ទាប់ពីចេញពីពន្ធនាគារ ជនជាប់ចោទ នៅត្រូវបានតុលាការបង្គាប់បន្ថែម ដាក់ឲ្យស្ថិតក្រោមការតាមដាន តាមផ្លូវតុលាការចំនួន៥ឆ្នាំ ក្នុងនោះជនជាប់ចោទ ចាំបាច់ត្រូវមានការងារធ្វើ ឬត្រូវទទួលការបណ្ដុះបណ្ដាល ដើម្បីទទួលបានជំនាញ-វិជ្ជាជីវៈណាមួយជាដើម។
នាង «Cristina T.» ដែលជាជនរងគ្រោះ ជាជនជាតិប៉េរូ និងគ្មានក្រដាសស្នាមរស់នៅស្របច្បាប់ នៅក្នុងប្រទេសបារាំងទេ។ ក្នុងសវនាការ ដែលបន្តធ្វើក្នុងថ្ងៃពុធ ទី១៧ ខែមីនា នាងបានរំឮកឡើងវិញ ពីហេតុការណ៍ចាប់រំលោភ ប្រាប់តុលាការថា៖
«គាត់នេះ (ជនជាប់ចោទ) បានដើរមកជិតខ្ញុំ រួចសួរខ្ញុំថា ថ្លៃប៉ុន្មាន (សម្រាប់សេវារួមភេទ ជាមួយនាង)? នាងខ្ញុំឆ្លើយថា ៥០អ៊ឺរ៉ូ។ គាត់បានតបវិញថា ថ្លៃណាស់ […] និងសុំឲ្យចុះថ្លៃ តែនាងខ្ញុំមិនព្រម។»
ស្ត្រីប្ដូរភេទរូបនេះ បានបន្តថា បន្ទាប់មក យុវជនដៃដល់បានដកកាំបិតចេញ រួចគម្រាមនាង «Cristina T.» ឲ្យបៀមលិង្គ និងប្រព្រឹត្តិការរួមភេទ តាមរន្ធគូថ ដោយគ្មានដាក់ស្រោមការពារអ្វីឡើយ។ មុននឹងចាកចេញទៅវិញ ជននេះបានលួចប្រាក់នាង ចំនួន១៥០អ៊ឺរ៉ូថែមទៀត។
ផ្ទុយពីស្ត្រីពេស្យាទាំងឡាយ ដែលគ្មានក្រដាសស្នាមត្រឹមត្រូវ និងដែលមិនហ៊ានប្ដឹងផ្ដល់ ឡើងទៅអាជ្ញាធរនោះ នាង «Cristina T.» មានសេចក្ដីក្លាហាន ដោយបានដាក់ពាក្យបណ្ដឹង ទៅកាន់អាជ្ញាធរ ហើយសំនុំរឿងត្រូវបានដោះស្រាយ យ៉ាងឆាប់រហ័ស ដោយហេតុថា នាង «Cristina T.» បានកត់ត្រាទុក នូវលេខឡានរបស់ជនជាប់ចោទ។
លោកមេធាវី «Olivier Auferil» តំណាងឲ្យស្ថាប័នអយ្យការ បានថ្លែងឡើងថា៖
«ជនរកទទួលទាន ផ្នែកផ្លូវភេទ គឺជាមុខសញ្ញាដ៏ងាយ និងដ៏ពិសេស សម្រាប់ជនល្មោភកាមទាំងឡាយ […] ជនល្មោភកាមទាំងនោះ ដឹងយ៉ាងច្បាស់ថា ស្ត្រីរកស៊ីខាងផ្លូវភេទ ដែលគ្មានក្រដាសស្នាមត្រឹមត្រូវ មិនហ៊ានជួប ឬទាក់ទងនគរបាលទេ។»
យ៉ាងណា ចៅក្រមបានបញ្ជាក់ដែរ នៅក្នុងសាលក្រមថា ជនជាប់ចោទ មានបញ្ហាខាងផ្លូវចិត្ត ជាពិសេសបន្ទាប់ពីបានរត់ចេញ ពីសង្គ្រាមស៊ីវិល នៅក្នុងប្រទេសកុងហ្គោ (ទ្វីបអាហ្វ្រិកខាងលិច) តាំងពីនៅកុមារ។ ក្នុងរយៈពេលនៃការជាប់ឃុំ (តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨) ជននេះបានបង្ហាញការស្ដាយក្រោយ ចំពោះទង្វើ«ដ៏ឃោឃៅ»របស់ខ្លួន៕