កម្រមាន

បារាំង៖ ម្ដាយបើករថយន្ដថយ កិន​ទារក​ខ្លួនឯង អាយុទើប​១៧ខែ

ទារកតូចមួយ អាយុទើប​១៧ខែ ដែលកំពុងលេង នៅក្នុងបរិវេណផ្ទះ ត្រូវបានរថយន្ដ បើកបរដោយស្ត្រីជាម្ដាយ កិនពីលើ បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃអាទិត្យ។

វិទ្យុបារាំង «France Bleu» បានរាយការណ៍ពីហេតុការណ៍នេះ ថាបានកើតឡើង ក្នុងក្រុង «Mormoiron» ស្ថិតនៅភាគខាងត្បូង នៃប្រទេសបារាំង។

ជារឿងអាណោចអាធម សម្រាប់ក្រុមគ្រួសារទាំងមូល។ ស្ត្រីជាម្ដាយ បានថយរថយន្ដ​របស់​ខ្លួន និងមិនបានមើលឃើញ កូនតូចរបស់ខ្លួនទេ។ ទារករងគ្រោះ ដែលលែងដឹងខ្លួន​ទៅហើយ ត្រូវបាននាំចូល ទៅក្នុងផ្ទះ ដើម្បីរងចាំក្រុម​អ្នកជួយសង្ក្រោះ មកដល់។

តែទាំងក្រុមអ្នកជួយសង្គ្រោះ ស៊ីវិល (Pompier) និងក្រុមសង្គ្រោះឡានពេទ្យ (Samu) សុទ្ធ​តែ​មិនអាចដាស់ ឲ្យទារកដឹងខ្លួន មកវិញបានទេ។ ឧទ្ធម្ភាគចក្រមួយ ក៏ត្រូវបាន​បញ្ជូន ទៅដឹកទារកនោះ ដើម្បីឲ្យបាន​​ឆាប់ ទៅដល់មន្ទីរពេទ្យដែរ។ តែទារកតូច បានដាច់​ដង្ហើម រួចស្រេចហើយ។

អាជ្ញាធរតំបន់ បានសម្រេចបើក សំនុំរឿងមួយឡើង ដើម្បីអង្កេត អំពីហេតុការណ៍នេះ ថាពិត​ជា«ឧប្បត្តិហេតុ» ឬយ៉ាងណា។ ផ្នែកជំនួយខាងចិត្តសាស្ត្រ ក៏បានធ្វើអន្តរាគមន៍ ក្នុងពេល​​បន្តបន្ទាប់មកដែរ សម្រាប់ក្រុមគ្រួសារ របស់ទារក ដែលកំពុងរងការបះទង្គិច៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: ChildMurder