កម្រមាន

កាណាដា ៖ ឃាតករទាំងពីរសារភាពពីទង្វើខ្លួន មុនធ្វើអត្តឃាត

កាណាដា ៖ យុវជនពីរនាក់ ដែលត្រូវបានអាជ្ញាធរតាមប្រមាញ់ អស់រយៈពេលច្រើនសប្តាហ៍ បាននិយាយសារភាព អំពីទង្វើរបស់ផងខ្លួន នៅក្នុងខ្សែវីដេអូជាច្រើន បន្ទាប់ពីពួកគេទាំងពីរ ត្រូវបានរកឃើញស្លាប់ ដោយធ្វើអត្តឃាត កាលពីដើមខែសីហា។ នេះ បើតាមរបាយការណ៍ របស់អាជ្ញាធរកាណាដា ដែលចេញផ្សាយ កាលពីថ្ងៃសុក្រម្សិលមិញ។

យុវជនទាំងពីរ ដែលមានឈ្មោះ «Kam McLeod» និង «Bryer Schmegelsky» បានរងការសង្ស័យថា បានប្រព្រឹត្តទង្វើមនុស្សឃាត ចំនួន៣ករណី យ៉ាងសាហាវព្រៃផ្សៃ។

ប៉ុន្តែតាមរយៈខ្សែវីដេអូ ចំនួន៦ ដែលកងរាជអាវុធហត្ថនៃប្រទេស កាណាដា បានរកឃើញ ជនសង្ស័យវ័យក្មេងពីររូបនេះ មិនបានបង្ហាញពីមូលហេតុ នៃអំពើរបស់ខ្លួន ក៏ដូចជាជនជាប់ពាក់ព័ន្ធបន្ថែមទេ។

របាយការណ៍របស់កងរាជអាវុធហត្ថ បានបញ្ជាក់ថា ពួកគេបានអះអាង ពីសកម្មភាពរបស់ខ្លួន ក្នុងការសម្លាប់មនុស្ស តែមិនបានលើកឡើងពីវិប្បដិសារី ដែលកើតចេញពីទង្វើទាំងនេះឡើយ។ អ្នកនាំពាក្យរបស់អាជ្ញាធរ បានបន្ថែមថា៖

«មរណភាពរបស់ជនសង្ស័យ បណ្ដាញពីការធ្វើអត្តឃាត។ យើងគិតថា គឺយុវជន “McLeod” ជាអ្នកសម្លាប់យុវជន “Schmegelsky” មុននឹងសម្លាប់ខ្លួនឯងតាមក្រោយ។»

ជនរងគ្រោះទាំងបីរូប ដែលអាជ្ញាធរសង្ស័យថា ជាស្នាដៃរបស់យុវជនទាំងពីរ រួមមាន លោក «Leonard Dyck» អាយុ ៦៤ឆ្នាំ ជាសាស្ត្រាចារ្យផ្នែករុក្ខជាតិ លោក «Lucas Fowler» ទេសចរណ៍ជាតិអូស្ត្រាលីអាយុ ២៣ឆ្នាំ និងកញ្ញា «Chynna Deese» មិត្តស្រីរបស់ទេសចរណ៍ខាងលើ អាយុ២៤ឆ្នាំ។

សាកសពជនរងគ្រោះ ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅតាមបណ្តោយផ្លូវមួយខ្សែ ស្ថិតនៅភាគខាងជើង នៃរដ្ឋ «Colombie-Britannique» (ខាងលិចប្រទេសកាណាដា) កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

អ្នកនាំពាក្យបន្តថា៖

«ឧក្រិដ្ឋកម្មទាំងនេះ ទំនងជាធ្វើឡើងដោយចៃដន្យ មិនចំពោះមុខ និងដោយគ្មានមូលហេតុ។ មិនមានចំណុចសង្ស័យណា ដែលបង្ហាញថា ទង្វើនោះ ត្រូវបានគ្រោង រៀបចំទុកជាមុនទេ។»

រីឯសាកសពរបស់ជនសង្ស័យវិញ ត្រូវបានរកឃើញ ក្នុងតំបន់ដាច់ស្រយាលមួយ នៃខេត្ត «Manitoba» ដែលមានចំងាយ ជាង៣០០០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។

យ៉ាងណា ការរត់គេចខ្លួន ឆ្ងាយយ៉ាងនេះ មិនមែនអាជ្ញាធរមិនបានដឹង ពីដានរបស់ពួកគេនោះទេ ដោយហេតុថា ជនសង្ស័យទាំងពីរ បានគេចខ្លួន ជាមួយរថយន្តរបស់លោក «Leonard Dyck» (ជនរងគ្រោះម្នាក់) ហើយបានដុតរថយន្តនេះចោល នៅប៉ុន្មានថ្ងៃក្រោយមក៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។

Tags: CanadaMurder