កម្រមាន

តុលាការចិនកាត់ទោសប្រហារជីវិត អ្នកគ្រូម្នាក់ ពីបទបំពុល​កុមារ

អ្នកគ្រូម្នាក់ ត្រូវបានតុលាការក្រុង «Jiaozuo» នៃខេត្ត «Henan» កាត់ទោស​ប្រហារជីវិត បន្ទាប់ពីបានរកឃើញថា ស្ត្រីរូបនេះចាក់ម្សៅនីទ្រីច ចូលក្នុង​ឆ្នាំងបបរ ដែលត្រូវយក​ទៅឲ្យកុមារតូចៗ​ទទួលទាន ក្នុងថ្នាក់មួយ គ្រប់គ្រង​ដោយសហជីវិនី​ម្នាក់ទៀត។

ហេតុការណ៍បានកើតឡើង តាំងពីខែមីនា ឆ្នាំ២០១៩ ហើយស្ត្រីជាប់ចោទ អ្នកស្រី «Wang Yun» បានទទួលស្គាល់ថា អ្នកស្រីបានធ្វើទង្វើនេះ ដើម្បីសងសឹកដាក់សហជីវិនី ដែលគ្រប់គ្រងថ្នាក់បង្រៀននោះ។

ជាលទ្ធផល កុមារថ្នាក់​សា​លាម​ត្តេ​យ្យ​ ប្រមាណ២៥នាក់ បានទទួលទានបបរ ដែលមានជាតិពុល បណ្ដាលឲ្យពួកគេពុល ក្អួតចង្អោរ ច្រងាប់ច្រងិល ហើយកុមារម្នាក់ ពីក្នុងចំណោមនោះ បានស្លាប់។

ម្សៅនីទ្រីច ជាសារជាតិគីមី ដែលគេតែងប្រើ ដាក់នៅលើម្ហូបចំណី ជាពិសេសដើម្បី​ឲ្យសាច់សត្វ នៅមានសភាពស្រស់បំព្រង។ តែម្សៅនីទ្រីច (ដូចគេតែងហៅថា ជាអាស៊ីត​នីទ្រីច) នឹងក្លាយជាសារជាតិពុលដ៏ខ្លាំងមួយ បើគេប្រើវាហួសកម្រិត។

ក្នុងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗ តុលាការក្រុង «Jiaozuo» ភាគខាងជើង​នៃប្រទេសចិន បានប្រកាសសាលក្រម កាត់ទោសអ្នកស្រី «Wang Yun» ដោយប្រហារ​ជីវិត។

បើតាមអង្គជំនុំជម្រះ បានបញ្ជាក់ថា ស្ត្រីជាប់ចោទ ពិតជាដឹងថា ម្សៅនីទ្រីចជា​សារជាតិពុល តែអ្នកស្រីនៅតែសម្រេចចិត្ត ដាក់ម្សៅនេះ យ៉ាងច្រើនលើសលប់ ទៅក្នុងឆ្នាំ​បបរ ដើម្បីបំពុលក្មេងតូច «ទាំងមិនខ្វល់ ពីផលវិបាកធ្ងន់ធ្ងរ ដែលនឹងកើតឡើង»។

អង្គជំនុំជម្រះ បានឲ្យដឹងទៀតថា អ្នកស្រី «Wang Yun» ធ្លាប់ព្យាយាមបំពុល​ស្វាមី​អ្នកស្រី​​ម្ដងហើយ កាលពីឆ្នាំ២០១៧ ក្នុងទំនាស់គ្រួសារមួយ នៅពេលនោះ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។

Tags: ChinaMurder