មន្ទីរពិសោធក្រុងវូហាន (Wuhan – ចិន) ដែលរងការចោទ ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជុំវិញការបែកធ្លាយដំបូងគេ នៃមេរោគ «Covid-19» បានចេញមុខ កាលពីថ្ងៃអាទិត្យ ធ្វើការបដិសេធ រាល់ការទទួលខុសត្រូវ នៅក្នុងការរាតត្បាត នៃជំងឺមួយនេះ។
នៅពេលជំងឺនេះ ចាប់ផ្ដើមរាតត្បាតដំបូង ក្រុមអ្នកវិទ្យាសាស្ត្របានគិតថា មេរោគ «Covid-19» បានឆ្លងពីសត្វទៅមនុស្ស ហើយគឺទីផ្សារមួយ នៃក្រុងវូហាន ដែលត្រូវបានគេគិតថា បានលក់សត្វឈឺ ដែលមានផ្ទុកមេរោគ ធ្វើឲ្យជំងឺនេះផ្ទុះឡើង។
ប៉ុន្តែនៅពេលនេះ គឺវិទ្យាស្ថានពិសោធន៍មួយ នៃក្រុងដដែលនេះ ដែលរងការចោទ ថាបានធ្វើឲ្យបើកធ្លាយ នូវមេរោគខាងលើ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជាច្រើន ដែលបានស៊ើបអង្កេត ពីសំនុំរឿងខាងលើ បានរាយការណ៍ថា មន្ទីរពិសោធក្រុងវូហាន មិនបានបំពាក់ប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីបង្ការការបែកធ្លាយមេរោគ នោះទេ។
ប៉ុន្តែសម្រាប់វិទ្យាស្ថានមួយនេះ ការបែកធ្លាយណាមួយនោះ ជារឿងដែលមិនអាចកើតរួច។ លោក «Yuan Zhiming» នាយកវិទ្យាស្ថាន បានផ្ដល់កិច្ចសម្ភាស ឲ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន «CGTN» ដោយធ្វើការបដិសេធ ការចោទប្រកាន់នោះ ដែល«ព្យាយាមបំភាន់មហាជន» ទាំង«គ្មានភស្ដុតាង»។
សហរដ្ឋអាមេរិក បានក្លាយជាប្រទេសទីមួយ ដែលរងគ្រោះនឹងការរាតត្បាតខ្លាំងជាងគេបំផុត។ មកដល់ម៉ោងនេះ ប្រទេសមហាអំណាច បានរកឃើញករណីឆ្លង មានប្រមាណជាង ៧សែន៤ម៉ឺននាក់ និងមានអ្នកស្លាប់ បានកើនឡើងដល់ជាង ៤ម៉ឺននាក់។
តាំងពីដើមខែមេសានេះមក រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) បានចោទប្រកាន់ប្រទេសចិន ម្ដងហើយម្ដងទៀត ជុំវិញការលាក់តួលេខពិត នៃអ្នកជំងឺ នៅក្នុងប្រទេសចិន។
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានថ្លែងវាយប្រហារប្រទេសចិន សារជាថ្មី ដោយលើកឡើងថា៖
«ការរាតត្បាត គួរតែអាចបញ្ឈប់បាន នៅក្នុងប្រទេសចិន តាំងពីមេរោគនេះ ចាប់ផ្ដើមដំបូង។ ប៉ុន្តែ វាមិនត្រូវបានចាត់វិធានការ ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ឈប់ការរាតត្បាតទេ។ ក្នុងពេលឥឡូវនេះ គឺពិភពលោកទាំងមូល ដែលត្រូវរងគ្រោះ ដោយសារវា។»
ប្រធានាធិបតីអាមេរិក បានព្រមានឡើងថា៖
«បើពួកគេមានជាប់ការទទួលខុសត្រូវ ក្នុងចេតនាពិតមែននោះ ប្រាកដហើយថា វានឹងមានផលវិបាកត្រឡប់វិញ៕»