កោះហ្វីលីពីន បានបញ្ជូនវ៉ាក់សាំងចិន បង្ការជំងឺកូវីដ-១៩ (Covid-19) ទៅឲ្យប្រទេសចិនវិញ បើទោះជាប្រធានាធិបតី លោក រ៉ូឌ្រីចូ ឌូតែតេ (Rodrigo Duterte) បានចាក់វ៉ាក់សាំងនេះ ដើម្បីបង្ហាញពីភាពជឿជាក់របស់លោក ទៅកាន់ប្រជាជនហ្វីលីពីនក្ដី។
តាមរយៈរូបភាពផ្សាយផ្ទាល់ ក្នុងកញ្ចក់ទូរទស្សន៍ក្នុងស្រុក លោក ឌូតែតេ បានចាក់វ៉ាក់សាំង «Sinopharm» របស់ប្រទេសចិន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ កាយវិការនេះ ជាផ្នែកមួយនៃយុទ្ធនាការពន្លឿនការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅលើផ្ទៃប្រទេស។
ប៉ុន្តែប្រជាជនហ្វីលីពីន មិនបានគិតដូចលោកប្រធានាធិបតីទេ ខណៈអាជ្ញាធរសុខាភិបាលរបស់កោះ ក៏មិនបានទទួលស្គាល់វ៉ាក់សាំងទាំងនេះដែរ។ នៅចំពោះសង្គ្រាមប៉ាកកាដ៏ខ្លាំងក្លា លោក រ៉ូឌ្រីចូ ឌូតែតេ បាន«សុំទោសជាសាធារណៈ» និងបានសម្រេចបញ្ជូនវ៉ាក់សាំង «Sinopharm» ទាំង១០០០ដូស ទៅឲ្យប្រទេសចិនវិញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
តាមរយៈសន្និសីទសារព័ត៌មានមួយ លោក ឌូតែតេ បានរៀបរាប់ថា លោកបានស្នើអគ្គរដ្ឋទូតចិន ប្រចាំនៅរដ្ឋធានីម៉ានីល ឲ្យបញ្ឈប់បញ្ជូនវ៉ាក់សាំង «Sinopharm» មកកាន់កោះហ្វីលីពីន។ តែលោកបន្តថា ប្រទេសចិននៅអាចបញ្ជូនវ៉ាក់សាំង «Sinovac» មួយប្រភេទទៀត របស់ប្រទេសចិន មកកាន់ប្រទេសលោកជាបន្តទៀត។
យ៉ាងណា ដំណឹងចុងក្រោយបានអះអាងថា វ៉ាក់សាំង «Sinopharm» ត្រូវបានអង្គការសុខភាពពិភពលោក (WHO /OMS) ប្រកាសទទួលស្គាល់ជា«កិច្ចបន្ទាន់» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ សេចក្ដីប្រកាសរបស់អង្គការខាងលើ ធ្វើឡើងក្នុងទិសដៅអនុញ្ញាតឲ្យប្រទេសក្រីក្រនានា ឬប្រទេសដែលគ្មានសមត្ថភាពសិក្សាពីថ្នាំវ៉ាក់សាំង អាចទទួលថ្នាំនេះ យកទៅចាក់ជូនប្រជាជនរបស់ផងខ្លួន៕