យុវតីជំទង់ពីរនាក់ ត្រូវបានសម្លាប់ កាលពីដើមសប្ដាហ៍ កន្លងមក ក្នុងភាគពាយ័ព្យ នៃប្រទេសប៉ាគីស្ដង់ ដើម្បី«លាងសម្អាត»កិត្តិយស ឲ្យគ្រួសារ បន្ទាប់ពីពួកនាង បានបង្ហោះវីដេអូ នៅលើបណ្ដាញសង្កម ឃើញពួកនាង នៅជាមួយយុវជនម្នាក់។
ហេតុការណ៍នេះ បានកើតឡើង ក្នុងតំបន់ «North Waziristan» ដែលជាតំបន់មួយ សម្បូរដោយជួរភ្នំ និងធ្លាប់ជាបន្ទាយ របស់អង្គការភេរវនិយម អាល់កៃដា (Al-Qaïda)។
នគរបាលតំបន់ ត្រូវបានស្រង់សំដី មកចុះផ្សាយថា យុវតីទាំងពីររូប ម្នាក់អាយុ១៦ឆ្នាំ និងម្នាក់ទៀត ១៨ឆ្នាំ ត្រូវបានសម្លាប់ ដោយសមាជិកម្នាក់ នៃគ្រួសាររបស់នាង និងយកទៅកប់ចោលភ្លាមៗ កាលពីដើមសប្ដាហ៍។
ទង្វើខាងលើ ត្រូវបានភ្នាក់ងារនគរបាលរូបនោះ ហៅថា ជា«ឧក្រិដ្ឋកម្ម ដើម្បីកិត្តិយស» ដែលឧស្សាហ៍កើតមាន នៅក្នុងរង្វង់គ្រួសារ នៃអ្នកកាន់សាសនាឥស្លាម និយមតឹង។
នៅក្នុងវីដេអូដដែល ក្មេងស្រីម្នាក់ទៀត ក៏មានវត្តមាន នៅជាមួយពួកនាង ទាំងពីរនាក់ដែរ។ នៅខណៈនេះ នគរបាលកំពុងតាមស្វែងរក ក្មេងស្រីរូបនោះ រួមនិងយុវជន ខាងលើនោះផង ដើម្បីការពារជីវិតរបស់ពួកគេ។
បណ្ដាជន ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលនានា នៅក្នុងប្រទេសប៉ាគីស្ដង់ តែងចាត់ទុក ទំនាក់ទំនងរវាងស្ត្រី មិនទាន់រៀបការ ជាមួយ«ប្រុស» គឺជាការបំបាក់កិត្តិយសគ្រួសារ របស់ស្ត្រីរូបនោះ យ៉ាងធ្ងន់ធ្ងរ។
ជារៀងរាល់ឆ្នាំ ស្ត្រីប៉ាគីស្ដង់រាប់រយនាក់ បានរងទណ្ឌកម្ម ដោយ«ឧក្រិដ្ឋកម្ម ដើម្បីកិត្តិយស»របៀបនេះ ពីក្រុមគ្រួសាររបស់ពួកនាង។
ប៉ុន្តែក្នុងរយៈពេល ចុងក្រោយ ហេតុការណ៍ដ៏អាក្រក់របៀបនេះ បានថយចុះ យ៉ាងច្រើន ដោយហេតុថា មនុស្សម្នាបានសំងំ នៅតែក្នុងផ្ទះ ព្រោះពួកគេ ខ្លាចមេរោគ «Covid-19»។ នេះ បើតាមការអះអាង របស់អភិបាលតំបន់ និងអង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)៕