អាស៊ី-ប៉ាស៊ីភិក

យីហោ​សម្លៀកបំពាក់​ធំៗ កំពុងត្រៀម​ដកខ្លួន ពីរោងចក្រ​នៅអាស៊ី?

យីហោ​សម្លៀកបំពាក់​ធំៗ ជាច្រើន​របស់​បស្ចឹមលោក កំពុងគ្រោងដកខ្លួន ឬផ្អាកការបញ្ជាទិញ ក្នុងរយៈពេលវែង ដែលបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ទៅដល់ការងារកម្មករ ជាពិសេសបណ្ដាកម្មករ ដែលជាសមាជិកសហជីព នៅក្នុងបណ្ដារោងចក្រនានា លើទឹកដីអាស៊ីអាគ្នេយ៍។ នេះ បើតាមការរបាយការណ៍មួយ របស់សារព័ត៌មាន «FashionNetwork» ដែលមានបណ្ដាញរបស់ខ្លួន នៅច្រើនប្រទេសក្នុងពិភពលោក។

យីហោសម្លៀកបំពាក់គ្រាក់ៗទាំងនោះ មានដូចជា «Primark» «Mango» «Zara» និង «Bestseller Group»ជាដើម។ ខណៈរោងចក្រ ដែលជាអ្នកផ្គត់ផ្គង់ផលិតផល សម្រាប់យីហោខាងលើ មាននៅក្នុងប្រទេសកម្ពុជា ភូមា និងនៅក្នុងប្រទេសថៃ។

របាយការណ៍សារព័ត៌មានខាងលើ ដែលចេញផ្សាយ កាលពីម្សិលម៉ិញ បានសរសេរថា នៅក្នុងវិបត្តិ«Covid-19»សព្វថ្ងៃ ដែលកំពុងវាយបំបាក់ សេដ្ឋកិច្ចពិភពលោក សហគ្រាសម្ចាស់យីហោខាងលើ បានសម្រេចលប់ចោលការបញ្ជាទិញរបស់ខ្លួន ឬបានទាមទារ ឲ្យរោងចក្រទាំងនោះ លក់ផលិតផលឲ្យខ្លួន ក្នុងតម្លៃដ៏ថោកជាងធម្មតា។

នៅក្នុងលក្ខខណ្ឌបែបនេះ កម្មករ-កម្មការី រាប់ពាន់-ម៉ឺននាក់ នឹងត្រូវរងផលប៉ះពាល់ ដោយការបណ្ដេញចេញពីការងារ ឬព្យួរការងារ។ ហើយ កម្មករដែលរងគ្រោះមុនគេ គឺបណ្ដាកម្មករ ដែលជាសមាជិកសហជីព។ នេះ បើតាមការអះអាង របស់សហជីព និងសកម្មជនសិទ្ធិការងារ ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានខាងលើ។

មេដឹកនាំសហជីព នៅក្នុងតំបន់ បានបរិហារបន្តដែរថា ការរាតត្បាតនៃជំងឺ«Covid-19» អាចនឹងត្រូវគេយកមកប្រើ ជា«លេស» ដើម្បីកំចាត់សមាជិក និងសកម្មជនសហជីព នៅក្នុងរោងចក្រទាំងនោះ។ ពួកគេបានសំដែងការព្រួយបារម្ភទៀតថា ក្នុងរយៈពេលនៃវិបត្តិនេះ សិទ្ធិការងារនឹងត្រូវរំលោភ រាប់ចាប់ពីប្រាក់បៀវត្ស រហូតដល់សុវត្ថិភាពការងារ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។

Tags: Worker