អាស៊ី-ប៉ាស៊ីភិក

តារាចម្រៀង​ថៃម្នាក់​ឡើង​សំដែង​​ពាក់អាវ​សញ្ញា​«ហ៊ីត្លែ»​ ​ផ្ទុះរឿង​អាស្រូវ

រឿងអាស្រូវ​បានផ្ទុះឡើង បន្ទាប់ពីស្ថានទូតអ៊ីស្ត្រាអែល ប្រចាំក្នុងប្រទេសថៃ កាលពីថ្ងៃសៅរ៍ បានសម្ដែង«ភាពតក់ស្លុត» និង«ការខ្វល់ខ្វាយ»របស់ខ្លួន នៅពេលបានឃើញតារាចម្រៀងម្នាក់ ដ៏មានប្រជាប្រិយ​របស់ប្រទេសថៃ បានឡើងហាត់សម​នៅលើឆាក ដោយពាក់អាវយឺតមួយ ដែលមានសញ្ញាទង់ជាតិ របស់ក្រុមណាស៊ី«ហ៊ីត្លែ»។

អ្នកចម្រៀង «Pichayapa Namsai Natha» អាយុ១៩ឆ្នាំ ដែលជាសមាជិកមួយរូប នៃក្រុម «girls band – BNK48» បានពាក់អាវយឺតនេះ ឡើងសមនៅលើឆាក កាលពីថ្ងៃសុក្រ។ បញ្ហានៅត្រង់ថា រូបភាពនៃការសមសំដែងនេះ ត្រូវបានផ្តិតជារូបភាព ហើយផ្សាយតាមកញ្ចក់ទូរទស្សន៍។

ភារធារីអមស្ថានទូតអ៊ីស្ត្រាអែល អ្នកស្រី «Smadar Shapira» បានសរសេរនៅលើបណ្ដាញសង្គមទ្វីសធើរ កាលពីថ្ងៃសៅរ៍ សំដែងភាពតក់ស្លុត និងកាខ្វល់ខ្វាយ ដោយរំឭកជាពិសេសថា នៅថ្ងៃអាទិត្យនេះ គឺជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធ ទៅដល់ជនរងគ្រោះជីហ្វ ដែលត្រូវបានទាហានណាស៊ីហ៊ីត្លែ (អាល្លឺម៉ង់) យកទៅកម្ទេច ក្នុងសង្គ្រាមលោក។

អ្នកស្រីបានសរសេរថា៖

«ការណ៍ដែលអ្នកចម្រៀងស្លៀកពាក់ ដែលមានសញ្ញារបស់ ណាស៊ី បានបង្កការភ្ញាក់ផ្អើលខ្លាំង​ណាស់ ទៅដល់បណ្ដាជន​រាប់លាននាក់ ក្នុងពិភពលោក។»

ក្រោយប្រតិកម្មនោះ កញ្ញា «Pichayapa Namsai Natha» បានចេញមុខមកសុំទោស ក្នុងយប់ថ្ងៃសៅរ៍ និងអះអាងទទួលខុសត្រូវទាំងស្រុង ចំពោះទង្វើខុសឆ្គងរបស់នាង។ នៅទំព័រហ្វេសប៊ុករបស់នាង តារាចម្រៀងបានសរសេរដែរថា៖

«ខ្ញុំមិនអាចជុសជុល កំហុសឆ្គងរបស់ខ្ញុំបានទេ តែខ្ញុំសន្យាថា កំហុសនេះនឹងមិនកើតឡើងជាថ្មី ក្នុងពេលក្រោយៗឡើយ។»

នៅថ្ងៃអាទិត្យ តារាចម្រៀងក៏បានជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីស្ត្រាអែល ដើម្បីសុំការអភ័យទោសដោយផ្ទាល់ផង និងសំដែងការគោរព ដល់វិញ្ញាណក្ខន្ធ នៃជនរងគ្រោះជីហ្វរាប់លាននាក់នោះផង។

សម្លៀកបំពាក់ដែលមានរូប របស់ជនផ្ដាច់ការ អាដុហ្វ ហ៊ីត្លែ (Adolf Hitler) និងសញ្ញាទង់ជាតិ ណាស៊ី របស់ ហ៊ីត្លែ តែងត្រូវបានយកពាក់ជារឿយៗ។ តែការនិយមពាក់​ខោអាវរបៀបនេះ មិនមែនដោយសារបណ្ដាជនថៃ មានសមានចិត្តជាមួយលទ្ធិណាស៊ីទេ តែបណ្ដាលមកពីកង្វះចំណេះដឹង ផ្នែកប្រវត្តិសាស្ត្រពិភពលោក នៅក្នុងប្រទេសនេះ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។