អាស៊ី-ប៉ាស៊ីភិក

ស្រីលង្កា​ចេញ​ក្រឹត្យ អនុញ្ញាត​ជាថ្មី​​ឲ្យអាជ្ញាធរ​អាច«ផ្ទុះអាវុធ»

បន្ទាប់ពីផ្ទុះអំពើហិង្សា ប្រឆាំងបណ្ដាជនឥស្លាម បណ្ដាលឲ្យមាន​មនុស្សស្លាប់​ម្នាក់មក ប្រទេសស្រីលង្កាទាំងមូលត្រូវបានដាក់ ទៅក្នុងសភាពប្រុងប្រយ័ត្ន កម្រិតខ្ពស់បំផុត និងអនុញ្ញាតជាថ្មី ឲ្យអាជ្ញាធរ​អាច​ធ្វើការ«ផ្ទុះអាវុធ»។

ក្រឹត្យប្រកាសដាក់ប្រទេសទាំងមូល ទៅក្នុងភាពប្រុងប្រយ័ត្ន បានចេញនៅថ្ងៃអង្គារម្សិលម៉ិញ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង ជាបន្តបន្ទាប់ និងជាពិសេសផ្ទុះឡើង ក្នុងថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រឆាំងបណ្ដាជនកាន់សាសនាឥស្លាម។

បុរសកាន់សាសនាឥស្លាមម្នាក់ ដែលបានស្លាប់នោះ ត្រូវបានក្រុមនុស្សចូលទៅវាយដំ ដល់ក្នុងរោងជាងរបស់ខ្លួន។

នគរបាលបានប្រកាសថា បានឃាត់ខ្លួន មនុស្ស១៣នាក់ ដែលជាប់សង្ស័យ ក្នុងអំពើហិង្សាថ្មីៗទាំងនោះ។ បណ្ដាញសង្គម មានដូចជាហ្វេសប៊ុក (Facebook) វ៉ាត់ស្អាប់ (WhatsApp) យូធូប (YouTube) និងអ៊ិនស្ដាហ្គ្រាម (Instagram) ត្រូវបានរាំងខ្ទប់ក្នុងថ្ងៃចន្ទ និងបន្តរាំងខ្ទប់ រហូតដល់ថ្ងៃអង្គារ។

ការរាំងខ្ទប់ត្រូវបានអះអាងបន្ថែម ដោយក្រុមហ៊ុនផ្គត់ផ្អង់ប្រព័ន្ធអ៊ិនធើណែត ដោយបញ្ជាក់ថា ការរាំងខ្ទប់នេះ មានបំណងដាក់កំហិត កុំឲ្យការចែកចាយសារញុះញង់ ឲ្យមានអំពើហិង្សា បន្តរីករាលដាល។

អំពើហិង្សាបានផ្ទុះឡើង ក្នុងបណ្ដាខេត្តភាគពាយ័ព្យ នៃប្រទេស នៅចំរដូវអាហារបួស របស់សាសនិកឥស្លាម ៣សប្ដាហ៍ក្រោយអំពើភេរវកម្មបំផ្ទុះគ្រាប់បែក ថ្ងៃ២១ ខែមេសា ដែលបណ្ដាលឲ្យមនុស្ស ២៥៨នាក់ស្លាប់។ អំពើហិង្សាប្រឆាំងបណ្ដាជនឥស្លាម បានកើតឡើងតាំងពីថ្ងៃអាទិត្យ ជាពិសេសនៅក្នុងខេត្ត «Chilaw»។

ប្រទេសស្រីលង្កា ជាប្រទេសកាន់សាសនាព្រះពុទ្ធ និងមានអ្នកកាន់សាសនាឥស្លាម ប្រមាណជា១០% និងសាសនាគ្រឹស្តិ៍ ប្រមាណជា៧,៦%៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។