នៅព្រឹកថ្ងៃចន្ទទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បានក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលបានចូលគាល់អធិរាជជប៉ុន ព្រះចៅ ណារូហ៊ីតូ (Naruhito) រាប់ចាប់តាំងពីព្រះអង្គឡើងសោយរាជ្យ បន្តពីព្រះបិតាទ្រង់ កាលពីដើមខែឧសភានេះមក។
ពិធីទទួលលោក ដូណាល់ ត្រាំ ដែលអមដោយភរិយារបស់លោក អ្នកស្រី មេឡានី ត្រាំ (Melania Trump) បានប្រព្រឹត្តិទៅក្រោមរស្មីព្រះអាទិត្យ ពេលព្រឹកព្រលឹម នៅវេលាម៉ោង ៩និង៣០នាទី ក្នុងព្រះបរមរាជវាំង នៃរាជធានីតូក្យូ។
ប្រធានាធិបតីអាមេរិកកំពុងស្ថិតលើទឹកដីជប៉ុន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ។ ប៉ុន្តែទស្សនកិច្ចផ្លូវរដ្ឋ ដ៏កំពូលមួយនេះ បានចាប់ផ្ដើមឡើងដោយការកំសាន្ដ ពេលចុងសប្ដាហ៍មួយថ្ងៃពេញ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ។
លោក ត្រាំ និងលោក ស៊ីនហ្សូ អាបេ (ShinZo Abe) នាយករដ្ឋមន្ត្រីជប៉ុន បានជួបគ្នាលេងកីឡាវាយកូនគោល បន្ទាប់មកទៅទស្សនា ការប្រកួតចំបាប់ជប៉ុន ហៅថា «Sumo» មុននឹងប្រគល់ពានរង្វា់ន «Donald Cup» ទៅឲ្យកីឡាករដែលឈ្នះការប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
នៅវេលាល្ងាចឡើង រដ្ឋបុរសទាំងពីរ បានទៅទទួលទានអាហារ នៅក្នុងភោជនីយដ្ឋានដ៏ល្បីមួយ កណ្ដាលរាជធានីតូក្យូ។
លោក ត្រាំ បានលើកឡើងថា៖
«អស់រយៈពេលជាង២០០ឆ្នាំហើយ ដែលមិនដែលមានព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្ររបៀបនេះ ក្នុងប្រទេសជប៉ុន។ វាជាកិត្តិយសដ៏អាស្ចារ្យមួយ។»
ក្នុងថ្ងៃចន្ទនេះដដែល លោក ត្រាំ និងលោក អាបេ នឹងត្រូវជួបប្រជុំការងាររួមគ្នាមួយ មុននឹងចេញមកថ្លែង ក្នុងសន្និសីទសារព័ត៌មាន ដែលគេរំពឹងថា ជាការសម្រេចរួមគ្នា ស្ដីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នៅវេលាល្ងាចនេះ ប្រធានាធិបតីអាមេរិកនឹងត្រូវព្រះចៅអធិរាជ ទទួលជាថ្មីទៀត នៅក្នុងពិធីលៀងអាហារដ៏ពិសេសមួយ នៃព្រះបរមរាជវាំង៕