អាស៊ី-ប៉ាស៊ីភិក

មេដឹកនាំ​ប្រឆាំង​នៅ​ឥណ្ឌូនេស៊ី ប្ដឹង​ឧទ្ធរណ៍​ជំទាស់​លទ្ធផលឆ្នោត​ប្រធានាធិបតី

អតីតនាយទាហាន និងជាបេក្ខជនប្រធានាធិបតី – មេដឹកនាំ​ប្រឆាំង​នៅ​ឥណ្ឌូនេស៊ី លោក «Prabowo Subianto» បានប្ដឹងឧទ្ធរណ៍ជំទាស់លទ្ធផល នៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ដែលផ្ដល់ជ័យជំនះ ទៅឲ្យប្រធានាធិបតីផុតតំណែង លោក «Joko Widodo» ឲ្យជាប់ឆ្នោតជាថ្មី។

មេដឹកនាំប្រឆាំង បានលើកឡើងពី«ការលួចបន្លំដ៏សម្បើម» នៅក្នុងការបោះឆ្នោតនោះ ដែលប្រព្រឹត្តិទៅ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩កន្លងមក។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមនឹងក្រុមអ្នកសង្កេតការឯករាជ្យផង មិនបានអះអាង ពី«ការលួចបន្លំ»គួរឲ្យកត់សម្គាល់ នៅក្នុងការបោះឆ្នោតនេះ ដែលធ្វើឲ្យប៉ះពាល់ ដល់លទ្ធផលឆ្នោត​នោះទេ។

ការជំទាស់របស់គណបក្សប្រឆាំង បានបង្កឲ្យផ្ទុះឡើង នូវអំពើហិង្សាដ៏កម្រ កាលពីសប្ដាហ៍កន្លងទៅ ក្នុងរដ្ឋធានី ចាការតា ដែលធ្វើឲ្យមនុស្ស៧នាក់ស្លាប់ និងច្រើនរយនាក់រងរបួស។

លោក «Prabowo Subianto» ធ្លាប់ជានាយទាហាន (ដែលបច្ចុប្បន្នចូលនិវត្តន៍) នៅក្នុងរបបផ្ដាច់ការ នៃអតីតប្រធានាធិបតី ស៊ូហារតូ។ របបផ្ដាច់ការ​ដ៏ល្បីល្បាញនោះ បានរំលំដួល នៅឆ្នាំ១៩៩៨។

កាលពីថ្ងៃសុក្រ ក្រុមអ្នកច្បាប់របស់លោក «Prabowo Subianto» បានស្នើទៅតុលាការធម្មនុញ្ញ ឲ្យលប់ចោលនូវលទ្ធផល នៃការបោះឆ្នោត។ ស្ថាប័នយុត្តិធម៌ដ៏កំពូល របស់ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវសម្រេច ពីការជំទាស់នេះ នៅចុងខែមិថុនាខាងមុខ។

លទ្ធផលផ្លូវការ ដែលត្រូវបានប្រកាសកាលពីដើមសប្ដាហ៍ បានផ្ដល់ជ័យជំនះ ទៅឲ្យលោក «Joko Widodo» ប្រធានាធិបតីផុតតំណែង និងបានបង្កឲ្យរលកបាតុកម្មដ៏ខ្លាំងមួយ ពីសំណាក់ក្រុមអ្នកគាំទ្រលោក «Prabowo Subianto»។ បាតុកម្មដែលដំបូងឡើយ ធ្វើឡើងជាលក្ខណៈសន្តិវិធី បានប្រែក្លាយជាកុបកម្ម។

នគរបាលឥណ្ឌូនេស៊ីអះអាងថា ស្ថានភាពស្ងប់ស្ងាត់​បានវិលត្រឡប់មកវិញ តាំងពីថ្ងៃព្រហស្បត្តិ៍ ខណៈបាតុករជាង៤០០នាក់ ត្រូវបានឃាត់ខ្លួន។ នគរបាលបន្តថា បាតុករ«ដែលបង្កអំពើហិង្សា»​ចំនួន៧នាក់ បានស្លាប់ និងភ្នាក់ងារនគរបាល ៩នាក់បានរងរបួស។

ចំណែកផ្នែកសង្គ្រោះបន្ទាន់ បានលើកឡើងថា មនុស្សប្រមាណជា៩០០នាក់ បានរងរបួស៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។