បើសិនជាជំងឺ «Covid-19» បានផ្ទុះចេញពីទីផ្សារមួយ ដែលលក់សាច់សត្វព្រៃ នៅកណ្ដាលក្រុង វូហាន (Wuhan) នៃប្រទេសចិននោះ ទីផ្សារសត្វព្រៃទាំងឡាយ នៅតាមបណ្ដាប្រទេស នៅអាស៊ាន មិនត្រូវបានអាជ្ញាធរ នៅក្នុងប្រទេសទាំងនេះ ធ្វើការត្រួតពិនិត្យអនាម័យ ឲ្យបានត្រឹមត្រូវទេ។
នេះ បើតាមការប្រកាសអាសន្ន របស់អង្គការការពារសត្វ ឈ្មោះ «People for the Ethical Treatment of Animals – PETA» ដែលបានផ្ញើរលិខិត ទៅកាន់បណ្ដាប្រទេសទាំងនោះ ដើម្បីព្រមាន ពីរោគរាតត្បាត ដែលអាចកើតចេញ ពីការទទួលទានសាច់សត្វ ដែលគ្មានអនាម័យ និងគ្មានការត្រួតពិនិត្យ។
រោគរាតត្បាត ដែលអាចផ្ទុះឡើង មិនមានត្រឹមតែជំងឺ «Covid-19» ដែលកំពុងបង្កវិនាសកម្ម ទៅដល់មនុស្សជាតិ ក្នុងពេលនេះទេ តែអង្គការ «PETA» បានបញ្ជាក់ថា ជំងឺរាតត្បាតជាច្រើនទៀត ក៏ត្រូវបានឆ្លង ក្នុងកម្រិត៦០% ចេញពីសាច់សត្វដែរ។
ជំងឺផ្សេងទៀតទាំងនោះ មានដូចជា ជំងឺ«Ebola» – ជំងឺផ្ដាសាយបក្សី – ជំងឺផ្លូវដង្ហើម ចេញពីមជ្ឈឹមបូព៌ា (MERS) – មេរោគ «Nipah» – ជំងឺផ្ដាសាយ ចេញពីជ្រលង «Rift» ក្នុងទ្វីបអាហ្វ្រិក – អាការៈស្ទះផ្លូវដង្ហើម «SRAS» – មេរោគ ចេញពីតំបន់ជុំវិញទន្លេ «Nil» ខាងលិច និងជំងឺឆ្លង «Zika» ជាដើម។
លិខិត ដែលអង្គការការពារសត្វខាងលើ ផ្ញើរទៅកាន់អាជ្ញាធរសុខភាព នៅក្នុងប្រទេសចំនួន៦ (កម្ពុជា ចិន ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម) បានរៀបរាប់ពីគ្រោះថ្នាក់ ដែលកើតចេញ ពីការលក់សត្វសត្វព្រៃ ដែលគ្មានការត្រួតពិនិត្យ និងស្នើឲ្យអាជ្ញាធរ នៅក្នុងប្រទេសទាំងនោះ បិទទីផ្សារលក់សាច់សត្វទាំងអស់ ដើម្បីបង្ការោគរាតត្បាត។
នៅអមនឹងលិខិតរបស់ខ្លួន អង្គការខាងលើដែលមានទីតាំងធំ នៅក្នុងរដ្ឋ «Virginie» សហរដ្ឋអាមេរិក និងមានសាខារបស់ខ្លួន នៅជុំវិញផែនដី បានបង្ហោះនូវរូបភាព ដ៏ព្រឺព្រួច ស្ដីពីទីផ្សារលក់សត្វរស់ ដែលកំពុងមានវត្តមាន នៅក្នុងបណ្ដាប្រទេសទាំង៦។
រូបភាពដែលទើបនឹងថតបាន ក្នុងខែមេសា ឆ្នាំ២០២០កន្លងមក បានបង្ហាញពីការដាក់តាំងលក់ នៅក្នុងទីផ្សារនានា នូវសត្វចម្រុះ ទាំងរស់ទាំងស្លាប់ ដូចជាត្រី មាន់ ទា កង្កែប ឆ្កែ ប្រជៀវ ស្វា និងសត្វដទៃទៀត។
អង្គការខាងលើ បានបញ្ជាក់ថា សត្វព្រៃដ៏គ្រោះថ្នាក់ ដូចយ៉ាង សំពោច និងប្រជៀវ នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ សម្រាប់សុខភាពអ្នកបរិភោគ តាមរយៈជំងឺស្ទះផ្លូវដង្ហើម «SRAS» និងជំងឺរលាកសួត «Covid-19»។ អង្គការ «PETA» បានសរសេរថា៖
«គ្មានការភ្ញាក់ផ្អើលទេថា ទីផ្សារសាច់សត្វចម្រុះទាំងនោះ នឹងក្លាយជាមជ្ឈមណ្ឌលកណ្ដាល នៃរោគរាតត្បាត ក្នុងពេលខាងមុខ។»
មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ដើម្បីសុំចម្លើយ ឬប្រតិកម្ម តបនឹងលិខិត របស់អង្គការខាងលើបានទេ ក្នុងចុងសប្ដាហ៍នេះ ដោយទូរស័ព្ទហៅចូល តែគ្មានការទទួល។
ក្រៅពីលិខិតខាងលើ និងការផ្សព្វផ្សាយរូបភាព ដ៏ព្រឺព្រួច នៅតាមបណ្ដាញ អ៊ិនធើណែត អង្គការការពារសត្វ «PETA» នៅបានធ្វើញត្តិ ឡើងទៅអង្គការសុខភាពពិភពលោក «WHO / OMS» ថែមទៀត។
ញត្តិនោះ ដែលទទួលបានការចុះហត្ថលេខា ជាច្រើនសែននាក់ (ជាង២០០ ០០០នាក់ នៅពេលទស្សនាវដ្ដី ចូលទៅពិគ្រោះ) បានទាមទារ ឲ្យអង្គការជំនាញ របស់អង្គការសហប្រជាជាតិមួយនេះ ចេញមុខធ្វើប្រតិកម្ម ទៅកាន់បណ្ដាប្រទេសខាងលើ ឲ្យបិទទីផ្សារលក់សាច់សត្វ នៅក្នុងទឹកដីរបស់ផងខ្លួន។
កាលពីដើមខែមេសា ប្រទេសចិនកុម្មុយនីស្ដិ៍ ដែលជាមជ្ឈមណ្ឌលដំបូង នៃការផ្ទុះមេរោគ «Covid-19» បានចាត់វិធានការ ចំពោះរាល់ទីផ្សារទាំងឡាយ ដែលលក់សាច់សត្វ និងបានធ្វើការហាមប្រាមពលរដ្ឋខ្លួន មិនឲ្យបន្តបរិភោគសាច់សត្វព្រៃ។ វិធានការនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិបាលក្រុងប៉េកាំង បានយល់ដឹង ពីគ្រោះថ្នាក់ នៃការបរិភោគសាច់សត្វ ដ៏ចម្លែកៗមួយចំនួន ដែលបានបណ្ដាលឲ្យមេរោគ «Covid-19» រស់ឡើង ហើយពង្រីកការរាតត្បាត នៅពាសពេញពិភពលោក៕