អាស៊ី-ប៉ាស៊ីភិក

ប៉ាគីស្ដង់ បិទលំហអាកាស បន្ទាប់ពី​អះអាង​បានបាញ់​ទម្លាក់​យន្ដហោះ​ឥណ្ឌា

ប្រទេសប៉ាគីស្ដង់ បាន«បិទលំហអាកាស»របស់ខ្លួន រហូតដល់មានបទបញ្ជាថ្មី។ នេះ បើតាមការអះអាង របស់អាជ្ញាធរគ្រប់គ្រងដែនអាកាស របស់ប្រទេសប៉ាគីស្ដង់ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសនេះ បានអះអាងមុននេះ ថាបានបាញ់ទម្លាក់យន្ដហោះពីរគ្រឿង របស់កងទ័ពអាកាសឥណ្ឌា។

នៅលើទំព័រទ្វីសធើររបស់ខ្លួន អាជ្ញាធរគ្រប់គ្រងដែនអាកាសប៉ាគីស្ដង់ បានឲ្យដឹងថា៖

«អាជ្ញាធរគ្រប់គ្រងដែនអាកាស បានបិទជាផ្លូវការ ដែនអាកាសប៉ាគីស្ដង់ រហូតដល់មានបទបញ្ជាថ្មី។»

អ្នកនាំពាក្យកងទ័ពប៉ាគីស្ដង់ ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» មកបញ្ជាក់ថា ការសម្រេចនេះធ្វើឡើង ដោយ«តម្រូវតាមកាលៈទេសៈ»។

កាលពីប៉ុន្មានម៉ោងមុន កងទ័ពប៉ាគីស្ដង់បានអះអាង តាមរយៈអ្នកនាំពាក្យរបស់ខ្លួន ថាបានបាញ់ទម្លាក់យន្ដហោះពីរគ្រឿង នៅក្នុងដែនអាកាសរបស់ខ្លួន។ យន្ដហោះមួយគ្រឿង បានធ្លាក់នៅក្នុងទឹកដីកាស្មៀរឥណ្ឌា និងមួយគ្រឿងទៀត បានធ្លាក់ក្នុងទឹកដីកាស្មៀរប៉ាគីស្ដង់ ហើយអ្នកបើកបរយន្ដហោះឥណ្ឌាមួយរូប ត្រូវបានកងទ័ពប៉ាគីស្ដង់ចាប់ខ្លួនបាន។

បើតាមអ្នកនាំពាក្យដដែលនោះ បានបញ្ជាក់ថា កងទ័ពប៉ាគីស្ដង់ មិនចង់ឲ្យកើតមានសង្គ្រាមទេ។

ក្រសួងការបរទេសប៉ាគីស្ដង់ ក៏បានអះអាងប្រហាក់ប្រហែលគ្នាដែរថា កងទ័ពជើងអាកាសប៉ាគីស្ដង់ បានដឹកនាំការវាយប្រហារមួយ នៅក្បែរបន្ទាត់ព្រំដែន ដែលត្រូវបានកំណត់ឡើង ថាជាតំបន់គ្មានយោធា។ បើតាមក្រសួងមួយនេះ ការវាយប្រហារខាងលើ បានបញ្ចៀសការបាត់បង់ជីវិតមនុស្ស និងការខាតបង់ផ្សេងទៀតជាច្រើន។

«គោលបំណងតែមួយ គឺបង្ហាញពីសិទ្ធិ ឆន្ទៈ និងសមត្ថភាពរបស់យើង ក្នុងការការពារខ្លួន។ (…) យើងគ្មានចេតនា បង្កើតភាពតានតឹងផ្នែកយោធានោះទេ ប៉ុន្តែយើងបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីឆ្លើយតប ប្រសិនបើយើងត្រូវបានគេបង្ខំ ដូចក្នុងហេតុការណ៍នេះ។»

ក្នុងពេលភ្លាមៗ រដ្ឋាភិបាលឥណ្ឌាមិនទាន់បញ្ចេញប្រតិកម្ម ជាផ្លូវការនៅឡើយ។

អ្នកទទួលខុសត្រូវម្នាក់ នៃរដ្ឋ «Jammu and Kashmir» ដែលស្ថិតក្នុងទឹកដីឥណ្ឌា បានថ្លែងនៅមុនហេតុការណ៍ថា យន្ដហោះប្រដេញរបស់កងទ័ពប៉ាគីស្ដង់ បានហោះរំលងពីលើតំបន់គ្មានយោធា នៃប្រទេសទាំងពីរ តែត្រូវបានបណ្ដេញចេញទៅវិញ ដោយកងទ័ពអាកាសឥណ្ឌា។

កាលពីថ្ងៃអង្គារម្សិលម៉ិញ រដ្ឋាភិបាលឥណ្ឌាបានអះអាងថា បានបើកការវាយប្រហារ តាមផ្លូវអាកាស ទៅលើទីតាំងរបស់ក្រុមឥស្លាមនិយមមួយ ដែលស្ថិតក្នុងជ្រលងភ្នំ នៃប្រទេសប៉ាគីស្ដង់។ បើតាមអាជ្ញាធរឥណ្ឌា បានឲ្យដឹងថា ក្រុមឥស្លាមនិយម «Jaish-e-Mohammed» ដែលជាក្រុមប្រដាប់អាវុធ​ដ៏សំខាន់មួយ ក្នុងការប៉ុនប៉ងបំបែកទឹកដី កំពុងរៀបចំធ្វើភេរវកម្មអត្តឃាតថ្មីមួយ ក្នុងប្រទេសឥណ្ឌា៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។