អាស៊ី-ប៉ាស៊ីភិក

នៅរស់​យ៉ាងហោច​២នាក់ ក្នុងការធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​​នៅ​ប៉ាគីស្ដង់

អ្នកដំណើរ«នៅរស់​យ៉ាងហោច​២នាក់» ពីក្នុងហេតុការណ៍ធ្លាក់យន្ដហោះ «AirBus» កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែឧសភាម្សិលម៉ិញ ក្នុងសង្កាត់លំនៅដ្ឋាន នៃក្រុងការ៉ាឈី (Karachi) ភាគខាងត្បូង នៃប្រទេសប៉ាគីស្ដង់។

របាយការណ៍ជំហានដំបូង បានអះអាងថា យន្ដហោះមួយនេះ របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ នៃប្រទេសប៉ាគីស្ដង់ (Pakistan international Airlines – PIA) ទំនងជាបានរងគ្រោះ ដោយបញ្ហាបច្ចេកទេស។

រូបភាពផ្សាយផ្ទាល់ អំពីផ្សែងខ្មួលខ្មាញ់ ចេញពីទីកន្លែងកើតហេតុ ត្រូវបានបញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ខណៈរថយន្ដពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់ព្រះអគិ ដែលកំពុងឆាប់ឆេះ​តួយន្ដហោះ និងគំនរអាគារបែកបាក់។ រីឯឧទ្ធម្ភាគចក្រយោធា ជាច្រើនគ្រឿង បានហោះក្រវែលទៅមក ពីលើក្រុង ការ៉ាឈី ទាំងមូល។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ លោក «Abdullah Hafeez» ត្រូវបានស្រង់សំដីដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក យកមកចុះផ្សាយថា៖

«មានអ្នកដំណើរ ចំនួន៩១នាក់ និងក្រុមបុគ្គលិកនៅក្នុងយន្ដហោះ ៧នាក់ (សរុប​៩៨នាក់ ខុសពីការផ្សាយជំហានដំបូង ដែលថាមានមនុស្សជាង១០០នាក់ នៅក្នុងយន្ដហោះ) នៅក្នុងយន្ដហោះ ដែលភ្ជាប់ជើងហោះហើរ លេខ”PK8303″។ យន្ដហោះ បានបាត់ការទាក់ទង ពីមណ្ឌលត្រួតពិនិត្យផ្លូវអាការ នៅម៉ោង១៤ និង៣៧នាទី (ម៉ោងក្នុងស្រុក)។»

រីឯអគ្គនាយក​ក្រុមហ៊ុនអាកាសចរណ៍ «PIA» លោក «Arshad Malik» វិញ បានរៀបរាប់ថា យន្ដហោះប្រភេទ«Airbus A320»ខាងលើ បានហោះចេញពីក្រុង «Lahore» ដែលស្ថិតនៅភាគខាងជើងប្រទេស។ លោកថា យន្ដហោះហៀបនឹងចុះចត នៅលើព្រលានបានសម្រេចទៅហើយ។

លោក «Arshad Malik» បាននិយាយថា៖

«ព័ត៌មានចុងក្រោយ ដែលយើងដឹង ពីអ្នកបើកយន្ដហោះ គឺគាត់ប្រាប់ថា គាត់មានបញ្ហាបច្ចេកទេសហើយ។ បន្ទាប់មក គេបានប្រាប់ពួកគាត់ថា មានផ្លូវព្រលានចំនួនពីរ ដែលអាចចុះចតបាន ស្រាប់តែគាត់សម្រេច បន្ថែមឧស្ម័នហ្គាស។ ហេតុអ្វី? វាចាំបាច់ត្រូវរកឲ្យឃើញ ថាអ្វីទៅជាបញ្ហាបច្ចេកទេស។»

បើតាមរដ្ឋមន្ត្រីមហាផ្ទៃ លោក «Ijaz Ahmad Shah» បានលើកឡើងថា អ្នកបើក​យន្ដហោះ បាន​អះអាង​ថា ម៉ាស៊ីនប្រតិកម្មមួយចំហៀងបានខូច ហើយគាត់បានឲ្យសញ្ញា ពីភាពអាសន្ន។

ក្រុមអ្នកជួយសង្គ្រោះ បានបញ្ចេញតុល្យភាពបណ្ដោះអាសន្ន ឲ្យដឹងថា យ៉ាងហោចមនុស្ស៤២នាក់ បានស្លាប់ ខណៈខាងអាកាសចរណ៍ស៊ីវិល នៃប្រទេសប៉ាគីស្ងង់ បានអះអាងថា មានមនុស្ស នៅរស់​យ៉ាងហោច​២នាក់ ពីក្នុងហេតុការណ៍នេះ។

ហេតុការណ៍នៃការធ្លាក់យន្ដហោះ បានកើតឡើងពីរថ្ងៃ ក្រោយការដាក់ ឲ្យមានដំណើរការឡើងវិញ នូវជើងហោះហើរក្នុងស្រុក ដែលត្រូវបានផ្អាក តាំងពីជាង១ខែមកហើយ ដើម្បីបង្ការការរាតត្បាត នៃជំងឺ«Covid-19»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។