អាស៊ី-ប៉ាស៊ីភិក

កូរ៉េខាងជើង​ស្នើឲ្យ​ដក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចេញ​ពី​ការចរចា

ប្រទេសកូរ៉េខាងជើង បានស្នើសុំកាលពីម្សិលម៉ិញ ឲ្យដកលោក ម៉ៃ ភមភីអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេស​អាមេរិក ចេញ​ពី​ការចរចា ស្ដីពីអាវុធនុយក្លេអ៊ែរ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។ សម្រាប់របបកុម្មុយនីស្ដិ៍ លោក ម៉ៃ ភមភីអូ បានធ្វើឲ្យការជជែកគ្នា ទទួលការជាប់គាំង។

ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» របស់របបកុម្មុយនីស្ដិ៍ លោក «Kwon Jong Gun» អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិក នៅក្រសួងការបរទេសកូរ៉េខាងជើង បានថ្លែងឲ្យដឹងថា៖

«ខ្ញុំបារម្ភថា បើលោក ភមភីអូ ចូលរួមក្នុងកិច្ចពិភាក្សានោះ បរិយាកាសនឹងប្រែក្លាយជាអាក្រក់ ហើយការជជែកគ្នាទាំងឡាយ នឹងប្រែក្លាយជាជាប់គាំង ជាថ្មីទៀត។»

«ឆ្លៀតក្នុងឱកាសនេះ នៅក្នុងករណីដែលមានលទ្ធភាព ឲ្យធ្វើការជជែកឡើងវិញ ជាមួយសហរដ្ឋអាមេរិក ខ្ញុំសង្ឃឹមថាសមភាគីរបស់យើង នឹងមិនមែនជាលោក ភមភីអូ នោះទេ តែជាឥស្សរជនផ្សេងទៀត (…) ដែលទទួលការស្ដាប់ និងមានភាពចាស់ទុំច្រើនជាង ដើម្បីទាក់ទងជាមួយយើង។»

ការផ្សព្វផ្សាយរបស់ទីភ្នាក់ងារផ្លូវការ ធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីទីភ្នាក់ងារព័ត៌មានមួយនេះ បានរាយការណ៍ ពីការសាកល្បងជាលើកទីពីរ នូវ«អាវុធយុទ្ធសាស្ត្របញ្ជាពីចំងាយ»មួយ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍។ ការសាកល្បងលើកទីមួយ ត្រូវបាន​របប​កុម្មុយនីស្ដិ៍អះអាង ថាបានធ្វើឡើង កាលពីដើមឆ្នាំ២០១៨។

ការសាកល្បង «អាវុធយុទ្ធសាស្ត្រ» កាលពីថ្ងៃព្រហស្បត្តិ៍ ជាការបង្ហាញសាច់ដុំលើកដំបូង បន្ទាប់ពីបរាជ័យ នៅក្នុងជំនួបកំពូល «ត្រាំ-គីម» កាលពីខែកុម្ភៈកន្លងមក នៅក្នុងរដ្ឋធានី ហាណូយ ប្រទេសវៀតណាម។

ក្រៅពីស្នើឲ្យដកលោក ម៉ៃ ភមភីអូ ចេញ​ពី​ការចរចា លោក «Kwon Jong Gun» នៅបន្តព្រមានថា បើសិនជាសហរដ្ឋអាមេរិក មិនបោះបង់ចោល នូវគោលនយោបាយចំបង ដែលបាន«ជំរុញឲ្យប្រទេសកូរ៉េខាងជើង បង្កើតអាវុធនុយក្លេអ៊ែរ»​ទេនោះ «គ្មាននរណាម្នាក់អាចទាយដឹងជាមុន ពីស្ថានភាពនៅលើឧបទ្វីប ដែលមានពោរពេញ ដោយអាវុធនុយក្លេអ៊ែរនោះទេ»។

យ៉ាងណា មន្ត្រីជាន់ខ្ពស់របស់ក្រុងព្យុងយ៉ាងរូបនេះ បានថ្លែងថា លោករីករាយ ដែលប្រមុខដឹកនាំរបស់លោក គឺលោក គីម ជុង-អ៊ុន (Kim Jong-Un) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅមាន«ទំនាក់ទំនងល្អ ជាមួយគ្នាដូចធម្មតា» បើទោះជាការចរចាផ្នែកការទូត ស្ដីពីអាវុធនុយក្លេអ៊ែរ បាន«ទ័លច្រក»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។