អាស៊ី-ប៉ាស៊ីភិក

កូរ៉េខាងជើងសាទរខ្លួនឯង អំពី​«ជ័យ​ជម្នះ​ដ៏អស្ចារ្យ»​លើ​«Covid-19»

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong Un) បានធ្វើការ​កោតសរសើរ​ខ្លួនឯង ដោយអះអាងថា ជា«ជ័យ​ជម្នះ​ដ៏អស្ចារ្យ» ចំពោះការទប់ស្កាត់ និងប្រយុទ្ធទល់​នឹងរោគរាតត្បាត «Covid-19»។

ទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» របស់ក្រុងព្យុងយ៉ាង បានរាយការណ៍ពីសំដី របស់​មេដឹកនាំខ្លួន កាលពីថ្ងៃសុក្រ ដោយអះអាងបន្ថែមថា លោក គីម នៅតែបញ្ជា​ឲ្យបន្ត​ធ្វើការ​ប្រុងប្រយ័ត្ន និង​បន្តរក្សា​វិធានការ​ទាំងឡាយ ដើម្បីប្រយុទ្ធ​ទល់នឹង​​រោគរាតត្បាត​មួយនេះ។

វិធានការទាំងនោះ រួមទាំងការបិទព្រំដែន កូរ៉េ-ចិន ដែលត្រូវបានធ្វើ តាំងពីចុងខែ​មករា​មកម្លេះ និងការដាក់កំហិត ឲ្យធ្វើចត្តាឡីស័ក យ៉ាងតឹងតែង ទៅលើប្រជាជន​កូរ៉េខាង​ជើង។

លោក គីម ជុង-អ៊ុន ត្រូវបានទីភ្នាក់ងារព័ត៌មាន ស្រង់សំដីមកបញ្ជាក់ថា៖

«យើងរារាំងបាន យ៉ាងល្អិតល្អន់ នូវការវាយលុក នៃមេរោគដ៏សាហាវនេះ ហើយរក្សាបាន នូវស្ថានភាពប្រឆាំង ទល់នឹងការរាតត្បាត ប្រកបដោយស្ថេរភាព បើទោះជាក្នុង​ពិភពលោក​ទាំងមូល​ កំពុងរងវិបត្តិ​ដ៏ធ្ងន់ធ្ងរក្ដី។»

មកដល់ថ្ងៃនេះ របបកុម្មុយនីស្ដិ៍កូរ៉េ បានបញ្ចេញតួលេខ ថាខ្លួនគ្មានករណីឆ្លងមួយសោះ នៅលើទឹកដីរបស់ខ្លួន ខណៈនៅជុំវិញពិភពលោក មេរោគដ៏ចង្រៃ បានឆ្លងដល់មនុស្ស ប្រមាណជា១១លាននាក់ និងបានសម្លាប់អ្នកជំងឺ ប្រមាណជា៥សែននាក់រួចហើយ។

ប្រទេសចំនួនពីរ​ដែលជាប់ព្រំដែនកូរ៉េខាងជើង កំពុងបន្តទប់ស្កាត់ ពីការរលក​ចម្លង​ថ្មីៗទៀត នៃ​ការរាតត្បាត​នៅឡើយ។​ កូរ៉េខាងត្បូង នៅបន្ត​រកឃើញ​ករណីឆ្លង រវាង​ពី៤០ ទៅ៦០នាក់ ក្នុងមួយថ្ងៃ ខណៈប្រទេសចិន បានដាក់តំបន់ជាច្រើន ទៅក្នុងបម្រាម​ជាថ្មី កាលពីខែមិថុនា​កន្លងមក។

«KCNA» បានរាយការណ៍បន្ថែមថា៖

«ប្រមុខដឹកនាំ បានរំឮកជាច្រើនដង ថាការលើកចេញ ដ៏ឆាប់រហ័សពេក នូវវិធានការណ៍​ទាំងឡាយ ប្រឆាំងនឹងការរាតត្បាត នឹងនាំឱ្យមានវិបត្តិ ដែលមិនអាចស្មានដល់ និង​មិនអាច​​​ជុសជុលបាន។»

ក្នុងពេលនេះ នរណាក៏ដោយ ដែលជាន់ទឹកដីកូរ៉េខាងជើង នឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក និងស្ថិត​ក្រោម​ការឃ្លាំមើល យ៉ាងតឹងតែង សម្រាប់រយៈពេល៣០ថ្ងៃ។ ក្រុមអ្នកការទូត និងអ្នកជំនាញ ប្រមើលឃើញថា ព្រំដែនរបស់​ប្រទេសកុម្មុយនីស្ដិ៍ ទំនងជា​អាចបន្តបិទ រហូត​ដល់​ចុង​ឆ្នាំ២០២០៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។