អាស៊ី-ប៉ាស៊ីភិក

បាញ់ប្រហារ នៅញ៉ូហ្សេឡេន៖ ខ្មាន់កាំភ្លើង​បង្ហោះ​វីដេអូផ្ទាល់​ហេតុការណ៍

រូបភាពវីដេអូ «ដ៏រន្ធត់ និងយ៉ាងសហាវព្រៃផ្សៃ» កំពុងមានវត្តមាន នៅលើបណ្ដាញអ៊ិនធើណែតអំពីការ«បាញ់ប្រហារ» ក្នុងព្រះវិហារឥស្លាមចំនួនពីរកន្លែង នៅក្រុង «Christchurch» នៃប្រទេសញូហ្សេឡេន ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ យ៉ាងតិច៤០នាក់ នៅថ្ងៃសុក្រនេះ។

គឺខ្មាន់កាំភ្លើងខ្លួនឯង ជាអ្នកបង្ហោះវីដេអូនោះ ដោយផ្សាយផ្ទាល់លើបណ្ដាញសង្គម នៅពេលខ្លួនកំពុងធ្វើសកម្មភាព។

នៅក្នុងរូបភាព គេឃើញបុរសម្នាក់នេះ ក្នុងសម្លៀកបំពាក់ជាយុទ្ធជនចេញប្រយុទ្ធ កំពុងបើករថយន្ដតូចមួយគ្រឿង ឆ្ពោះទៅកាន់ព្រះវិហារឥស្លាមមួយ ពីក្នុងចំណោមព្រះវិហារពីរកន្លែង ដែលជននេះយកធ្វើជាទិសដៅ នៃការវាយប្រហាររបស់ខ្លួន។

ដោយអមដោយចម្រៀងប្រជាប្រិយ ចេញពីអ៊ឺរ៉ុបខាងកើតនោះផង ខ្មាន់កាំភ្លើងបានចតរថយន្ដ នៅលើដងផ្លូវតូចមួយ ជាប់នឹងព្រះវិហារ និងចុះទៅបើកទ្វារថយន្ដខាងក្រោយ ដើម្បីយកកាំភ្លើងរបស់ខ្លួន មុននឹងដើរចូលទៅក្នុងព្រះវិហារ។

ចាប់ពីមាត់ទ្វាព្រះវិហារមក ខ្មាន់កាំភ្លើងបានបើកការបាញ់រះ ហាក់ដូចជានៅក្នុងល្បែងវីដេអូ (Video Game) ទៅលើនរណាក៏ដោយ ដែលជននេះប្រទះ។

ឯកសារវីដេអូត្រូវបានចែករំលែកបន្តៗគ្នា នៅលើបណ្ដាញសង្គម ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក៏ទទួលបានវីដេអូនេះមួយច្បាប់ដែរ។ តែទិដ្ឋភាពដ៏អាក្រក់ហួស និងដ៏អមនុស្សធម៌ នៃហេតុការណ៍ តម្រូវឲ្យទស្សនាវដ្ដី មិនធ្វើការផ្សព្វផ្សាយរូបភាព ទាំងនោះទេ។

ធ្វើសកម្មភាពលើកទីមួយរួច ខ្មាន់កាំភ្លើងបានចេញមកខាងក្រៅ នៅនឹងទីចំណតរថយន្ដ និងបានបាញ់ប្រហារជាច្រើនគ្រាប់។ ដោយទំនងជាមិនទាន់គ្រប់គ្រាន់ បុរសប្រដាប់ដោយអាវុធ បានត្រឡប់ចូលទៅខាងក្នុងវិញ ហើយបន្តបាញ់រះ ទៅលើរូបរាងកាយស្ដូកស្ដឹងជាច្រើននៅទីនោះ។

ការ«បាញ់ប្រហារ»បែបភេរវកម្ម…

អាជ្ញាធរនៃប្រទេសញូហ្សេឡេន បានកំណត់អត្តសញ្ញាណរបស់ជននោះ ថាជាជនជាតិអូស្ត្រាលី អាយុ២៨ឆ្នាំ។ នាយករដ្ឋមន្ត្រីញូហ្សេឡេន អ្នកស្រី «Jacinda Ardern» បានហៅខ្មាន់កាំភ្លើង ថាជា«ភេរវជនស្ដាំនិយមជ្រុល និងហិង្សានិយម»។

បន្ទាប់ពីធ្វើសកម្មភាព នៅខាងក្នុងព្រះវិហារទីមួយរួច ខ្មាន់កាំភ្លើងបានដើរចេញមកខាងក្រៅវិញ និងបានបាញ់សំដៅមនុស្សម្នាក់ ដែលអើតខ្លួន ចេញមកតាមរបងព្រះវិហារ។ បុរសប្រដាប់ដោយអាវុធ បានតាមទៅបាញ់បង្ហើយ លើជនរងគ្រោះម្នាក់នេះ ដែលកំពុងដួលដេកទៅលើដី ដោយស្រែកឡើងថា «ជួយខ្ញុំផងៗ» មុននឹងបើករថយន្ដរបស់ខ្លួន កិនពីលើបន្ថែមទៀត។

នៅតាមដងផ្លូវ ខ្មាន់កាំភ្លើងបានបន្តផ្ទុះអាវុធបន្ថែម ជាច្រើនគ្រាប់ តែគេនៅមិនទាន់ដឹងថា តើជននេះបាញ់តម្រង់លើអ្វីទេ។ គេបានឮសូរជននេះ ថ្លែងឡើងទៅកាន់ទស្សនិកជន ដែលទស្សនាវីដេអូ​របស់ខ្លួន ពី«ជោគជ័យ»នៃយុទ្ធនាការខាងលើ។

នៅមុននេះ អាជ្ញាធរញូហ្សេឡេនបានអំពាវនាវ ឲ្យបណ្ដាជនទាំងឡាយ កុំទស្សនាវីដេអូដ៏រន្ធត់មួយនេះ ហើយកុំធ្វើការចែករំលែក និងបានទាមទារ ទៅម្ចាស់វីដេអូទាំងឡាយ ដែលបានយកទៅ​ផ្សាយបន្ត ឲ្យលប់វីដេអូនេះចេញវិញ។

បណ្ដាញសង្គម និងបណ្ដាញចែករំលែកវីដេអូ នៅលើអ៊ិនធើណែត ក៏កំពុងធ្វើយុទ្ធនាការ ដើម្បីដកវីដេអូខាងលើ ចេញពីប្រព័ន្ធរបស់ផងខ្លួនវិញដែរ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។