រដ្ឋសភាអាល្លឺម៉ង់បានប្រកាស ក្នុងចុងខែវិច្ឆិកានេះថា បើព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរាឡុងកន (Maha Vajiralongkorn) ត្រូវបានរកឃើញ ថាបាន«ដឹកនាំព្រះរាជកិច្ច» ចេញពីទឹកដីអាល្លឺម៉ង់ នោះរដ្ឋអាល្លឺម៉ង់ មានអំណាចក្នុងការបណ្ដេញទ្រង់ ចេញពីប្រទេស។
ការប្រកាសរបស់ «Bundestag» (រដ្ឋសភា ហៅតាមភាសាអាល្លឺម៉ង់) ធ្វើឡើងក្រោយពីការគម្រាម របស់លោក «Heiko Maas» រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ដែលបានថ្លែងតាមរយៈទីភ្នាក់ងារព័ត៌មាន «Reuters» កាលពីដើមខែតុលា។ លោក «Heiko Maas» បានថ្លែងនៅពេលនោះថា៖
«យើងបានបញ្ជាក់ច្បាស់ហើយ ថាកិច្ចនយោបាយផ្ទៃក្នុង របស់ប្រទេសថៃ មិនអាចត្រូវបានដឹកនាំ ចេញពីទឹកដីអាល្លឺម៉ង់បានឡើយ។»
យ៉ាងណា ការិយាល័យសិក្សាធិការជាន់ខ្ពស់ នៃរដ្ឋសភាអាល្លឺម៉ង់ (ការិយាល័យនេះ ដឹកនាំដោយគណបក្សឆ្វេងនិយម) បានចេញសេចក្ដីវាយតម្លៃ ជាលក្ខណៈផ្លូវច្បាប់ថា ដោយសារព្រះមហាក្សត្រថៃ មានអភ័យឯកសិទ្ធិការទូត ដូច្នេះហើយ រដ្ឋអាល្លឺម៉ង់មានសិទ្ធិអំណាចតិចតួច ដើម្បីបើកការស៊ើបអង្កេត ទៅលើព្រះមហាក្សត្រថៃ ក្នុងបំណង់ស្វែងរកឲ្យឃើញ ថាតើព្រះអង្គបាន ដឹកនាំព្រះរាជកិច្ច ពីប្រទេសអាល្លឺម៉ង់ ឬយ៉ាងណានោះ។
ព្រះបាទ មហា វិជ្ជរាឡុងកន ឬព្រះបាទរាមា ទី១០ ដែលមានព្រះជន្ម ៦៨ព្រះវស្សា តែងគង់ប្រថាប់ ក្នុងប្រទេសអាល្លឺម៉ង់ ច្រើនជាងគង់ក្នុងប្រទេសថៃ ពោលគឺតាំងពីច្រើនឆ្នាំ មុនព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិ៍ ក្នុងឆ្នាំ២០១៦នោះមក។
ជាពិសេស នៅក្នុងរយៈពេល នៃការបិទប្រទេស (ទាំងនៅថៃ និងនៅអាល្លឺម៉ង់) ដើម្បីទប់ស្កាត់ជំងឺរាតត្បាត «Covid-19» ព្រះអង្គមិនមានវត្តមាន នៅក្នុងប្រទេសថៃ ដើម្បីនៅជិតប្រជារាស្ត្រ របស់ទ្រង់ទេ។ ផ្ទុយទៅវិញ ព្រះបាទរាមាទី១០ បានគង់ក្នុងសណ្ឋាគារ ដ៏ប្រណិតមួយ ស្ថិតក្នុងភាគខាងត្បូងអាល្លឺម៉ង់ ជាមួយនឹងស្រីស្នំហែហមច្រើននាក់។
ព្រះរាជកាយវិការនេះ បានបង្កឲ្យផ្ទុះការក្ដៅក្រហាយ នៅក្នុងប្រទេសថៃ និងជាមូលហេតុមួយ នៃចលនាបាតុកម្ម ដែលបានកើតឡើង ជាហូហែរៀងមក នៅរាជធានីបាងកក និងនៅតាមបណ្ដាខេត្តមួយចំនួន។ នៅក្នុងប្រទេសអាល្លឺម៉ង់ អ្នកតំណាងរាស្ត្រច្រើននាក់ បានអំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ចាត់វិធានការក្ដៅ ដោយហាមឃាត់ព្រះអង្គ យាងជាន់ព្រះបាត លើទឹកដីអាល្លឺម៉ង។
អ្នកតំណាងរាស្ត្រ មកពីគណបក្សឆ្វេងនិយម ដូចយ៉ាងលោក «Sevim Dagdelen» និងលោក «Heike Hänsel» ជាដើម បានចេញសេចក្ដីប្រកាសព័ត៌មានរួមមួយថា៖
«នរណាក៏ដោយ រាប់ទាំងស្ដេច ដែលឃុបឃិត ជាមួយមេដឹកនាំយោធាផ្ដាច់ការ ធ្វើការបង្ក្រាបដ៏ឃោឃៅ ទៅលើចលនាទាមទារ តាមបែបប្រជាធិបតេយ្យ មិនគួរត្រូវបានទទួលរង្វាន់ តាមរយៈការផ្ដល់ទិដ្ឋាការ ដើម្បីឲ្យមកស្នាក់នៅ យ៉ាងសោយសុខ នៅក្នុងប្រទេសអាល្លឺម៉ង់នោះឡើយ។»
ក្នុងដើមខែវិច្ឆិកា ក្រសួងការបរទេសអាល្លឺម៉ង់ បានអះអាងថា ខ្លួនមិនបានរកឃើញភស្ដុតាងណាមួយ បង្ហាញពីព្រះរាជកិច្ច របស់ព្រះមហាក្សត្រថៃ ដែលធ្វើចេញ ពីទឹកដីអាល្លឺម៉ង់ទេ។ តែក្រុមអ្នកនយោបាយប្រឆាំង និងក្រុមសកម្មជនសិទ្ធិមនុស្ស បានច្រានចោល ការអះអាងនោះ ដោយពួកគេសំអាង ពីពេលវេលាច្រើនខែ នៃការគង់ប្រថាប់ ក្នុងប្រទេសអាល្លឺម៉ង់ និងឥទ្ធិពលដ៏ខ្លាំងក្លា របស់ព្រះមហាក្សត្រអង្គនេះ នៅក្នុងមជ្ឈដ្ឋាននយោបាយថៃ៕