កម្ពុជា

CNRP៖ មេដឹកនាំមួយភាគ ប្រកាសវិលចូល​ប្រទេសថ្ងៃ​៤មករា​២០២១

មេដឹកនាំមួយភាគ របស់គណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសនៅថ្ងៃអង្គារទី១ ខែឆ្នូនេះថា ពួកគេនឹងវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សប្រឆាំង បន្ទាប់ពីកិច្ចប្រជុំដ៏ធំមួយ ត្រូវបានធ្វើឡើង កាលពីប៉ុន្មានថ្ងៃមុន។

សេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ ក្នុងថ្ងៃអង្គារ និងដែលបានធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន កាលពីប៉ុន្មាននាទីមុន បានសរសេរឲ្យដឹងថា ក្រុមមេដឹកនាំដែលប្រកាសធ្វើមាតុភូមិនិវត្តន៍ នឹងដឹកនាំដោយអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស ដោយមានការចូលរួមពីក្រុមសកម្មជន-អ្នកគាំទ្រ ដែលបានភៀសខ្លួន ចេញក្រៅប្រទេសតាំងពីច្រើនខែ (និងច្រើនឆ្នាំ) នោះផង។

គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរបបក្រុងភ្នំពេញ រំលាយចោលកាលពី​ចុងឆ្នាំ២០១៧ បានសរសេរក្នុងសេចក្ដីប្រកាសព័ត៌មានថា៖

«ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលមានឈ្មោះក្នុងដីកាកោះ របស់តុលាការក្រុងភ្នំពេញ និងដែលកំពុងរស់នៅនិរទេសក្រៅប្រទេស ត្រូវវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា […] នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។»

យ៉ាងណា នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ មិនមានបញ្ជាក់ពីការវិលត្រឡប់ របស់លោក សម រង្ស៊ី ប្រធានស្ដីទីរបស់គណបក្សនេះ ដូចដែលលោកធ្លាប់បានប្រកាស កាលពីពេលថ្មីៗនោះទេ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។