អាស៊ី-ប៉ាស៊ីភិក

កូរ៉េខាងជើង​ប្ដូរ​រដ្ឋមន្ត្រី​«ការបរទេស»​របស់​ខ្លួន

មេដឹកនាំប្រទេសកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុង-អ៊ុន (Kim Jong-un) ទំនងជាបានសម្រេចចិត្ត ប្ដូររដ្ឋមន្ត្រី«ការបរទេស»របស់ខ្លួន។ នេះ បើតាមដំណឹង ផ្សាយចេញដោយទីភ្នាក់ងារព័ត៌មាន «Yonhap» របស់កូរ៉េខាងត្បូង និងគេហទំព័រ «NK News» ជំនាញខាងប្រមាញ់ព័ត៌មាន ចេញពីរបបក្រុងព្យុងយ៉ាង។

សារព័ត៌មានទាំងនេះ ដែលសុទ្ធតែបញ្ជាក់ ថាខ្លួនមានប្រភពច្បាស់ការណ៍ បានអះអាងដូចគ្នាថា លោក រី ស៊ុន-វុន (Ri Son-gwon) និងឡើងធ្វើជារដ្ឋមន្ត្រីការបរទេស ជំនួសលោក រី យ៉ុង-ហូ (Ri Yong-ho)។

មុនឡើងតំណែង ជាប្រមុខការទូតរបស់ប្រទេសកុម្មុយនីស្ដិ៍ លោក រី ស៊ុន-វុន បានកាន់តំណែងជាប្រធានគណៈកម្មាធិការ ដើម្បីការបង្រួបបង្រួមជាតិ ដោយអហិង្សា។

បើតាមអ្នកជំនាញ ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានទាំងពីរ បានពន្យល់ថា ការផ្លាស់ប្ដូរមន្ត្រីជាន់ខ្ពស់របស់ខ្លួន ទំនងជាប្រទេសកូរ៉េខាងជើង មានបំណងចង់ឲ្យមានការវិវត្តខុសពីមុខ ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

យ៉ាងណា ការផ្លាស់ប្ដូរប្រមុខការទូត របស់របបកុម្មុយនីស្ដិ៍កូរ៉េ មិនទាន់ត្រូវបានប្រកាស ឲ្យដឹង​ជាផ្លូវការ​នៅឡើយ។ ក៏ប៉ុន្តែ ក៏មិនត្រូវពន្យាពេល ឲ្យយូរជាងកិច្ចប្រជុំ នៃក្រុមអ្នកការទូតកូរ៉េខាងជើង ដែលនឹងត្រូវធ្វើ ក្នុងថ្ងៃព្រហស្បត្តិ៍នេះដែរ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។