វីដេអូ ពីនេះពីនោះ

ត្រីឆ្លាម​ប្រភេទនេះ ដើរ​ក្នុង​ទឹក ដោយប្រើ​ព្រុយ​ទាំងបួន

ត្រីឆ្លាមមួយប្រភេទនេះ ដើរ​ក្នុង​ទឹក ជាមួយនឹងព្រុយពីរគូ​របស់វា។​ ជាប្រភេទត្រីឆ្លាម ដ៏កម្រ ដែល​ត្រូវបានគេរកឃើញ នៅក្នុងលំហ​សមុទ្រ ដែលស្ថិតក្នុងចន្លោះ រវាងប្រទេស​អូស្ត្រាលី បណ្ដាប្រជុំកោះ នៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសណូវែលហ្គីណេ។

អ្នកស្រី «Christine Dudgeon» សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ «Queensland» បានថ្លែងឡើងថា ប្រភេទត្រីឆ្លាម ​ដែលមានប្រវែងដងខ្លួន ប្រមាណជា១ម៉ែត្រខាងលើ អាចរស់នៅ ក្នុងតំបន់ទឹក រាក់ឬជ្រៅ ជាច្រើនសណ្ឋាន។ ពួកវាក៏មានសមត្ថភាព អាចរស់នៅ ក្នុងតំបន់ទឹកសមុទ្រណា ដែលខ្សត់អ៊ុកស៊ីសែន ខ្លាំងបំផុតនោះដែរ។

ពួកវាមានព្រុយ​​ដ៏រឹងមាំ និងមានសមត្ថភាព ក្នុងការចាប់ពពួកខ្ចងខ្ចៅ – សត្វសមុទ្រតូចៗ​ទាំងឡាយ យកមក​ធ្វើជាចំណី បានយ៉ាងងាយស្រួល។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញពពួកត្រីឆ្លាម ដែលប្រើព្រុយ ធ្វើជាជំហានដំណើរ មានប្រមាណជា៩ប្រភេទ។ ហើយប្រភេទទាំងនោះ មិនមានអ្វីខុសគ្នា ក្រៅតែពណ៌ស្រកាខាងក្រៅ របស់វានោះទេ។

អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា បើទោះជាត្រីឆ្លាមទាំងនេះ មានចំនួនច្រើន នៅក្នុងលំហសមុទ្រខាងលើម្ដេចក្ដី តែពួកវាចូលចិត្តរស់នៅតែឯង និងដាច់ដោយឡែកៗពីគ្នា។ យ៉ាងណា ជំនាញចល័តខ្លួន ដោយសារជំហានស្រកី មិនបានអនុញ្ញាតឲ្យពួកវា អាចពង្រីកទឹកដីរបស់ខ្លួន ដូចប្រភេទត្រីឆ្លាមដទៃៗឡើយ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។