អាស៊ី-ប៉ាស៊ីភិក

អៀរ៉ង់ បើកឡើងវិញ​ នូវដំណើរការ​ចម្រាញ់សារធាតុ​អ៊ុយរ៉ាញ៉ូម

ប្រទេសអៀរ៉ង់ បានបើកឡើងវិញ នូវដំណើរការ​ចម្រាញ់សារធាតុ​អ៊ុយរ៉ាញ៉ូម ប្រមាណជា២០% នៅក្នុងរោងចក្រក្រោមដីរបស់ខ្លួន ក្នុងខេត្ត «Fordo» ស្ថិតតនៅចម្ងាយប្រមាណជា ១៨០គីឡូម៉ែត្រ ភាគខាតត្បូង​រដ្ឋធានីតេអៀរ៉ង់។ បរិមាណនេះ ហួសពីការកំណត់ ដែលមានចែង ក្នុងកិច្ចព្រមព្រៀងអន្តរជាតិ ឆ្នាំ២០១៥។

មន្ត្រីផ្លូវការរបស់រដ្ឋាភិបាលក្រុងតេអៀរ៉ង់ ដែលត្រូវបានដកស្រង់សំដី ដោយបណ្ដាញទូរទស្សន៍រដ្ឋអៀរ៉ង់ បានថ្លែងឡើង​ក្នុងថ្ងៃចន្ទ ទី៤ ខែមករានេះថា៖

«ដំណើរការដើម្បីចម្រាញ់ សារជាតិអ៊ុយរ៉ាញ៉ូម ក្នុងកម្រិត២០% បានចាប់ផ្ដើមធ្វើហើយ នៅក្នុងរោងចក្រ “Shahid Alimohammadi”។»

កាលពីថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលអៀរ៉ង់ បានជូនដំណឹងទៅភ្នាក់ងារអន្តរជាតិ ស្ដីពីថាមពលអាតូមិក (*)  អំពី​បំណង​របស់ខ្លួន ក្នុងការផលិតសារជាតិអ៊ុយរ៉ាញ៉ូម ក្នុងបរិមាណ២០%។ (*) ភ្នាក់ងារអន្តរជាតិ ស្ដីពីថាមពលអាតូមិក ដែលហៅកាត់ថា «AIEA» ជាស្ថាប័នមួយ របស់អង្គការសហប្រជាតិ មានទីតាំងធំក្នុងរដ្ឋធានីវីយែន ប្រទេសអូទ្រីស។

ក្នុងរបាយការណ៍ចុងក្រោយ របស់ភ្នាក់ងារអង្គការសហប្រជាតិ ដែលចេញផ្សាយឲ្យដឹង កាលពីអំឡុងខែវិច្ឆិកា បានអះអាងថា ក្រុងតេអៀរ៉ង់ បានចម្រាញ់សារជាតិអ៊ុយរ៉ាញ៉ូម ហួសពីកម្រិត ៣.៦៧% ដែលមានចែងក្នុងកិច្ចព្រមព្រៀង ឆ្នាំ២០១៥ តែមិនបានផលិត​ឲ្យ​លើសពី ៤.៥%នោះទេ។

ប៉ុន្តែសំនុំរឿងផលិតសារជាតិ ដែលអាចត្រូវយកទៅផលិតសព្វាវុធនុយក្លេអ៊ែរ បានកម្រើកឡើងវិញ ចាប់ពីការធ្វើឃាត ទៅលើលោក «Mohsen Fakhrizadeh» អ្នកប្រាជ្ញជំនាញខាងនុយក្លេអ៊ែរ ជាតិអៀរ៉ង់ កាលពីចុងខែវិច្ឆិកា នៅខណៈអ្នកប្រាជ្ញរូបនេះ កំពុងធ្វើដំណើរ​តាមផ្លូវ ជាមួយភរិយាលោក អមដោយអង្គរក្សជាច្រើននាក់។

រដ្ឋាភិបាលអៀរ៉ង់ បានចោទប្រកាន់ប្រទេសអ៊ីស្ត្រាអែល ថារៀបចំ និងនៅពីក្រោយអំពើឃាតកម្មខាងលើ ហើយក្នុងពេលភ្លាមៗ រដ្ឋសភាអៀរ៉ង់ បានអនុម័តច្បាប់ ដ៏ប្រទាំងប្រទើសមួយ អនុញ្ញាតឲ្យចម្រាញ់សារជាតិអ៊ុយរ៉ាញ៉ូម យ៉ាងហោច ២០% និងបិទបញ្ចប់ នូវអធិការកិច្ច របស់ភ្នាក់ងារអន្តរជាតិខាងលើ ដែលមានកាតព្វកិច្ច ត្រួតពិនិត្យប្រទេសអៀរ៉ង់ កុំឲ្យផលិតសារជាតិអ៊ុយរ៉ាញ៉ូម ដើម្បី​យកទៅធ្វើ​​គ្រាប់បែក​ប្រល័យលោក៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។

Tags: IranNuclear