អាស៊ី-ប៉ាស៊ីភិក

អៀរ៉ង់ថា អ្នកប្រាជ្ញរបស់ខ្លួន​ត្រូវបាន​សម្លាប់​ដោយកាំភ្លើង​«បញ្ជាពីផ្កាយរណប»

លោក «Mohsen Fakhrizadeh» អ្នកប្រាជ្ញជាតិអៀរ៉ង់ ដែលមានជំនាញ​ខាងអាវុធ​នុយក្លេអ៊ែរ ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើង ដែល«បញ្ជាពីផ្កាយរណប»។ នេះ បើតាមការអះអាង​របស់រដ្ឋាភិបាលក្រុងតេអៀរ៉ង់ ក្នុងថ្ងៃអាទិត្យទី ៦ ខែធ្នូនេះ។

អ្នកប្រាជ្ញាខាងលើ បានស្លាប់កាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងមក នៅខណៈលោក​ធ្វើដំណើរ​ជាមួយភរិយា លើវិថីល្បឿនលឿនមួយខ្សែ ដែលមានការការពារយ៉ាងម៉ត់ចត់ ពីកងអង្គរក្សរបស់លោក។

របាយការណ៍ចុងក្រោយបំផុត ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការ «Mehr» ឲ្យដឹងថា របស់ប្រទេសអៀរ៉ង់ បានចាត់ទុកការស្លាប់ របស់លោក «Mohsen Fakhrizadeh» ថាជាការធ្វើឃាត ហើយចោទប្រទេសអ៊ីស្ត្រាអែល និងក្រុមចាត់តាំង​នយោបាយឈ្មោះ «Moudjahidine» ថានៅពីក្រោយ​ព្រឹត្តិការណ៍នេះ។

អគ្គមេបញ្ជាការរង នៃឆ្មាំបដិវត្តន៍អៀរ៉ង់ លោក «Ali Fadavi» ត្រូវបានទីភ្នាក់ងារ​ព័ត៌មានស្រង់សំដី មកចុះផ្សាយថា កាំភ្លើងស្វ័យប្រវត្តិ«ទំនើប»មួយគ្រឿង បានតម្រង់មុខ​អ្នកប្រាជ្ញ ជំនាញខាងនុយក្លេអ៊ែរ ពីចំងាយ ហើយបានបាញ់ចេញ​គ្រាប់កាំភ្លើង ចំនួន១៣គ្រាប់ តែបាញ់ត្រូវមុខអ្នកប្រាជ្ញ តែ៤គ្រាប់ប៉ុណ្ណោះ។

លោក «Ali Fadavi» បន្តទៀតថា ផ្ទុយទៅវិញ ភរិយាលោក «Mohsen Fakhrizadeh» ដែលអង្គុយចំងាយ២៥សង់ទីម៉ែត្រ ពីរូបលោក មិនបានរងគ្រោះ នឹងការវាយប្រហារ ដោយកាំភ្លើងខាងលើទេ។

លោកមេទ័ពរងបានបន្តថា កាំភ្លើងខាងលើ «បញ្ជាពីផ្កាយរណប» តាមរយៈប្រព័ន្ធ​អ៊ិនធើណែត និងមានបំពាក់ដោយកាមេរ៉ា «Robot» ដ៏ពិសេស ដើម្បីកំណត់ពី​មុខសញ្ញា​របស់វា។ បើកាំភ្លើងដ៏ទំនើប ត្រូវបានកងកម្លាំងអៀរ៉ង់រកឃើញ នៅនឹងលើរថយន្ដ​កាត់កន្ទុយ​មួយ ដែលចតចោលនោះ តែមិនមាន​ភេរវជនណាម្នាក់ ត្រូវបានចាប់ខ្លួន ក្នុងព្រឹត្តិការណ៍នេះទេ។

ក្នុងពេលភ្លាមៗ នៅក្រោយហេតុការណ៍នោះ លោក «Amir Hatami» រដ្ឋមន្ត្រីការពារជាតិ​អៀរ៉ង់ បានអះអាងថា លោក «Mohsen Fakhrizadeh» ត្រូវបានសម្លាប់ ដោយការបំផ្ទុះ​គ្រាប់បែក និងការបាញ់ប្រហារមួយ។

តែការលើកឡើង​របស់ប្រទេសអៀរ៉ង់ ត្រូវបានប្រទេសអ៊ីស្ត្រាអែលទាត់ចោល និងចាត់ទុក​ថា ករណីខាងលើ​ជាការរៀបចំ«លេស»មួយឡើង ដើម្បីអនុញ្ញាតឲ្យអៀរ៉ង់ អាចវាយប្រហារ​ប្រឆាំងអ៊ីស្ត្រាអែល ឬប្រឆាំងទៅលើផលប្រយោជន៍អ៊ីស្ត្រាអែល នៅជុំវិញពិភពលោក៕

  • វីដេអូខាងក្រោម ត្រូវបានបង្ហោះនៅលើ «Youtube» ដើម្បីបញ្ជាក់បន្ថែម អំពីអ្វីដែលប្រទេសអៀរ៉ង់ ​លើកឡើង៖
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។