ភ្នំភ្លើង«Sinabung» នៃកោះស៊ូម៉ាត្រា (ប្រទេសឥណ្ឌូនេស៊ី) បានបញ្ចេញកំហឹងក្រេវក្រោក ក្នុងព្រឹកថ្ងៃអង្គារទី២ ខែមីនា ឆ្នាំ២០២១ ដោយបញ្ចេញកំអែទៅក្នុងអាកាស ឡើងខ្ពស់ដល់ជាង៥គីឡូម៉ែត្រ។
គ្រោះមហន្តរាយ ត្រូវបានវាយតម្លៃ ក្នុងកម្រិត៣ភាគ៤ តែអាជ្ញាធរឥណ្ឌូនេស៊ីមិនបានប្រកាសភាពអាសន្នទេ ដោយគ្រាន់តែធ្វើការហាមឃាត់បណ្ដាជន កុំធ្វើដំណើរចូលទៅក្នុងតំបន់ជុំវិញភ្នំភ្លើង។
អ្នកជំនាញបានអះអាងថា កម្លាំងនៃការខ្ជាក់កំអែទៅក្នុងផ្ទៃមេឃ របស់ភ្នំភ្លើងខាងលើ មានលក្ខណៈព្រឺព្រួច គួរឲ្យកត់សម្គាល់ខ្លាំង រាប់តាំងពីឆ្នាំ២០១០មក។
បន្ទាប់ពីបានដេកលក់ អស់ជាច្រើនសតវត្សរ៍មក ភ្នំភ្លើង«Sinabung»ដែលមានកំពស់២៤៦០ម៉ែត្រ បានងើបធ្វើសកម្មភាពជាថ្មី ជាលើកទី១ ក្នុងឆ្នាំ២០១០ បណ្ដាលឲ្យមានមនុស្សស្លាប់២នាក់។ ការផ្ទុះពីរលើកផ្សេងទៀត ដែលបានធ្វើឲ្យមនុស្សស្លាប់ដែរនោះ គឺក្នុងឆ្នាំ២០១៤ (ស្លាប់យ៉ាងហោច១៦នាក់) និងក្នុងឆ្នាំ២០១៦ (ស្លាប់៧នាក់)៕