អាស៊ី-ប៉ាស៊ីភិក

អាល្លឺម៉ង់តំឡើងសម្លេង គ្រោងបណ្ដេញ​ស្ដេចថៃ ចេញពីប្រទេស?

ប្រតិកម្មចុងក្រោយ ពីមជ្ឈដ្ឋានថ្នាក់ដឹកនាំ អ្នកនយោបាយអាល្លឺម៉ង់ ធ្វើឲ្យមាន​ការបកស្រាយថា ប្រទេសអាល្លឺម៉ង់មានគម្រោង គ្រោងបណ្ដេញ​ស្ដេចថៃ ព្រះមហាក្សត្រ រាមាទី១០ ព្រះបាទ មហា វិជ្ជរាឡុងកន (Maha Vajiralongkorn) ចេញពីប្រទេស។

គួរបញ្ជាក់ដែរថា ព្រះមហាក្សត្រថៃ ដែលមានព្រះជន្ម ៦៨ព្រះវស្សា តែងគង់ប្រថាប់​ក្នុង​ប្រទេស​អាល្លឺម៉ង់ ច្រើនជាងគង់ក្នុងប្រទេសថៃ ពោលគឺតាំងពីច្រើនឆ្នាំ មុនព្រះអង្គ បានឡើងគ្រងរាជ្យសម្បត្តិ៍ ក្នុងឆ្នាំ២០១៦មកនោះ។

ជាពិសេស នៅក្នុងរយៈពេល នៃការបិទប្រទេស (ទាំងនៅថៃ និងនៅអាល្លឺម៉ង់) ដើម្បី​ទប់ស្កាត់ជំងឺរាតត្បាត «Covid-19» ព្រះអង្គមិនមានវត្តមាន នៅក្នុងប្រទេសថៃ ដើម្បីនៅជិតប្រជារាស្ត្ររបស់ទ្រង់ទេ។ ផ្ទុយទៅវិញ ព្រះបាទរាមាទី១០ បានគង់ក្នុង​សណ្ឋាគារ​​ដ៏ប្រណិតមួយ ស្ថិតក្នុងភាគខាងត្បូងអាល្លឺម៉ង់ ជាមួយនឹងស្រីស្នំ​ហែហម​ច្រើននាក់។

ក្នុងរយៈពេលចុងក្រោយ គេឃើញព្រះអង្គ យាងត្រឡប់ចូលក្នុងព្រះរាជាណាចក្រ តែពេល​ដែលចាំបាច់បំផុត ដូចជាក្នុងឱកាស​បុណ្យ ចម្រើន​ព្រះជន្មព្រះមាតាទ្រង់ ជាដើម។ នៅក្នុង​​ព្រះរាជដំណើរ ទៅកាន់ប្រទេសថៃនោះ ព្រះអង្គថែមទាំងបានដាក់កំហិត យ៉ាង​តឹងតែង ទាក់ទងនឹងបញ្ហា​អនាម័យ​ នៅជុំវិញទ្រង់នោះផង។

គ្រោងបណ្ដេញ​ស្ដេចថៃ ៖ ជំហានដំបូង​របស់រដ្ឋាភិបាល​អាល្លឺម៉ង់ ?

ព្រះរាជអវត្តមាន នៅក្នុងប្រទេសថៃ មិនត្រឹមតែធ្វើរាស្ត្រថៃ សំដែង​ការខឹង​ក្រេវក្រោក កាន់តែច្រើនឡើងនោះទេ តែនៅក្នុងប្រទេសអាល្លឺម៉ង់ឯណេះ មជ្ឈដ្ឋាន​អ្នកនយោបាយ បានតំឡើងសម្លេង កាន់តែខ្លាំងឡើងៗ ដើម្បីស្នើយាងទ្រង់ ឲ្យចេញពីប្រទេសអាល្លឺម៉ង់។

ក្រុមសកម្មជនជាច្រើននាក់ បាននាំគ្នាធ្វើបាតុកម្ម តាំងពីច្រើនខែហើយ នៅខាងក្រៅ​សណ្ឋាគារ ដែលព្រះអង្គគង់ប្រថាប់ ក្នុងប្រទេសអាល្លឺម៉ង់ និងបានស្នើឲ្យព្រះអង្គ ចាកចេញ​​ពីទីនោះ។ អង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះ «Pixel Helper» ​បានហៅព្រះអង្គ ថាជា​«ព្រះមហាក្សត្រឧក្រិដ្ឋ»មួយអង្គ។

កាលពីថ្ងៃពុធ ទី៧ ខែតុលា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក «Heiko Maas» បានបញ្ចេញប្រតិកម្មដំបូង ជុំវិញករណីនេះថា «នយោបាយផ្ទៃក្នុងប្រទេសថៃ មិនអាចត្រូវបានដឹកនាំ ចេញពីទឹកដីអាល្លឺម៉ង់ នោះឡើយ»។

ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មាន «Reuters» លោករដ្ឋមន្ត្រីបានបន្តថា៖

«ក្នុងករណីភ្ញៀវ ដែលចូលមកក្នុងប្រទេសយើ់ង ហើយដឹកនាំកិច្ចការរដ្ឋ ចេញពីទឹកដី​អាល្លឺម៉ង់ នោះយើងតែងតែបញ្ចេញប្រតិកម្ម ដើម្បីរារាំងរឿងរ៉ាវ​បែបនេះ កុំឲ្យ​កើតឡើង។»

របាយការណ៍មួយ ចេញផ្សាយដោយទស្សនាវដ្ដីបារាំង ឈ្មោះ «Gala» បានពន្យល់ថា បើទោះជា​មកដល់ថ្ងៃនេះ គេនៅមិនទាន់ឃើញរដ្ឋាភិបាលអាល្លឺម៉ង បញ្ចេញចំណាត់ការ​ពិតប្រាកដ ជុំវិញព្រះរាជវត្តមាន របស់ព្រះមហាក្សត្រថៃ លើទឹកដីខ្លួនក៏ដោយ តែ​ការលើក​ឡើងជាផ្លូវការ របស់ប្រមុខការទូតអាល្លឺម៉ង់ អាចជាជំហានដំបូង នៃចំណាត់ការនោះ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។