អ្នកស្រី គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីរបស់លោក គីម ជុងអ៊ុន (Kim Jong-Un) បានចោទក្រុងសេអ៊ូល ថាជាដើមហេតុ នៃការនាំមេរោគ«Covid-19» ចូលប្រទេសកូរ៉េខាងជើង។ នេះបើតាមការថ្លែងមួយ របស់អ្នកស្រី គីម នៅថ្ងៃព្រហស្បត្តិទី១១ ខែសីហានេះ ដោយបានគម្រាមសងសឹក តបប្រទេសកូរ៉េខាងត្បូងវិញ។
ស្រង់សំដីដោយទីភ្នាក់ងារសារព័ត៌មានបារាំង «AFP» ប្អូនស្រីបង្កើតរបស់មេដឹកនាំរបបក្រុងព្យុងយ៉ាង បានថ្លែងនៅចំពោះគណបក្សពលករ ទទួលស្គាល់ជាលើកដំបូងថា បងប្រុសរបស់អ្នកស្រី គឺលោក គីម ជុងអ៊ុន ពិតជាបានឆ្លងមេរោគរាតត្បាត «Covid-19»។ អ្នកស្រីថា លោក គីម មានអាការៈ«ផ្ដាសាយដ៏ធ្ងន់ធ្ងរ» តែ«មិនបានសម្រាកសូម្បីបន្តិចឡើយ» ព្រោះលោក«គិតទាំងយប់ទាំងថ្ងៃ ពីប្រជាជន» ដែលលោកជា«អ្នកទទួលខុសត្រូវ»។
បន្ទាប់មក អ្នកស្រី គីម យ៉ូជុង បានថ្លែងចោទប្រទេសកូរ៉េខាងត្បូង ថាគឺជាមេនាំមេរោគ កូវីដ-១៩ (Covid-19) ចូលមកក្នុងប្រទេសអ្នកស្រី។ អ្នកស្រីបញ្ជាក់ថា មេរោគរាតត្បាតទំនងជាមកដល់កូរ៉េខាងជើង តាមរយៈការបង្ហោះប៉េងប៉ោង ដែលមានខិត្តប័ណ្ណ និងប្រាក់ដុល្លារ។
ប្អូនស្រីមេដឹកនាំកុម្មុយនីស្ដិ៍រូបនេះ បានហៅទង្វើខាងលើ ថាជា«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» និងគម្រាមថា នឹងចាត់វិធានការតបតរវិញ។ អ្នកស្រីថា៖
«យើងនឹងឆ្លើយតបវិញ ដោយមិនត្រឹមតែកម្ទេចមេរោគរាតត្បាតប៉ុណ្ណោះទេ តែអាជ្ញាធរកូរ៉េខាងត្បូង ក៏នឹងទទួលការបំបាក់ ឲ្យខ្ទេចខ្ទីដែរ។»
ការគម្រាមរបស់អ្នកស្រី គីម យ៉ូជុង ធ្វើឡើងមួយថ្ងៃ ក្រោយការថ្លែងរបស់លោក គីម ជុងអ៊ុន ដែលអះអាងពី«ជ័យជំនះយ៉ាងត្រចះត្រចង់» ទៅលើជម្ងឺរាតត្បាតដ៏ប្រល័យ ដោយហេតុមិនមានអ្នកវិជ្ជមានកូវីដ-១៩ ត្រូវបានរកឃើញទៀតទេ រាប់ពីថ្ងៃទី២៩ ខែកក្កដាកន្លងមក។ មេដឹកនាំប្រទេសកុម្មុយនីស្ដិ៍ បានលើកឡើងថា៖
«ជ័យជម្នះដែលប្រជាជនយើងទទួលបាន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបង្ហាញប្រាប់ពិភពលោកម្តងទៀត នូវភាពអស្ចារ្យនៃប្រទេសរបស់យើង អំពីភាពអត់ធ្មត់ដែលមិនអាចប្រកែកបាននៃប្រជាជនយើង និងអំពីទំនៀមទំលាប់ជាតិប្រកបដោយមោទនភាពដ៏ខ្ពង់ខ្ពស់។»
ផ្ទុយទៅវិញ ក្រុមអ្នកជំនាញ ក្នុងកិច្ចការកូរ៉េខាងជើង ក៏ដូចជាអ្នកជំនាញ របស់អង្គការសុខភាពពិភពលោក (WHO/ OMS) បានបង្ហាញការសង្ស័យ ចំពោះការលើកឡើង របស់បណ្ដាមេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ ដោយពួកគេចាត់ទុកថា ក្រុងព្យុងយ៉ាងតែងបញ្ចេញ «សារឃោសនា» ជាជាងបង្ហាញពីតួលេខពិត ឬលើកឡើងតាមបែបវិទ្យាសាស្ត្រ៕