ឱសថការីឥណ្ឌាម្នាក់ បានស្លាប់ និងប្រធានមន្ទីរពិសោធន៍ម្នាក់ទៀត បានចូលសម្រាកពេទ្យជាបន្ទាន់ បន្ទាប់ពីបានផឹកទឹកថ្នាំផ្សំ ដែលពួកគេបង្កើតឡើង ក្នុងក្ដីសង្ឃឹមថា ជាថ្នាំព្យាបាលជំងឺ «Covid-19»។ នេះ បើតាមការអះអាង របស់នគរបាលឥណ្ឌា កាលពីថ្ងៃសៅរ៍ ម្សិលម៉ិញ។
អ្នកនាំពាក្យនគរបាល បានអះអាងថា លោក «K. Sivanesan» ឱសថការីអាយុ៤៧ឆ្នាំ បានស្លាប់ នៅនឹងមន្ទីរពិសោធន៍ ក្រោយពីលោកបានផឹកថ្នាំ ដែលកើតចេញពីរូបមន្ត នៃការស្រាវជ្រាវ របស់លោកខ្លួនឯង នៅតាមបណ្ដាញអ៊ិនធើណែត។ នគរបាលបន្តថា ដើម្បីចេញជារូបមន្ដនោះ លោក «K. Sivanesan» បានទិញបណ្ដាសារជាតិគីមី មកធ្វើជាធាតុផ្សំ នៅតាមទីផ្សារក្នុងស្រុក។
អ្នកវិទ្យាសាស្ត្រទាំងពីររូប ធ្វើការនៅក្នុងសហគ្រាសផលិតឱសថ មួយកន្លែង ស្ថិតនៅក្រុង «Chennai» ភាគអាគ្នេយ៍នៃប្រទេសឥណ្ឌា។ សហគ្រាសនោះ មានជំនាញផលិតថ្នាំ ចេញពីរុក្ខជាតិ។
ចំពោះប្រធានមន្ទីរពិសោធន៍ លោក «Rajkumar» ដែលត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ បានផុតពីគ្រោះថ្នាក់ហើយ។
មកដល់ថ្ងៃនេះ គេនៅមិនទាន់មានថ្នាំព្យាបាល ឬថ្នាំវ៉ាក់សាំង សម្រាប់ព្យាបាល ឬបង្ការជំងឺរាតត្បាត «Covid-19» បាននៅឡើយ ខណៈការរាតត្បាត នៃជំងឺដ៏ចង្រៃ បានសម្លាប់មនុស្ស ជិត៣សែននាក់ នៅលើពិភពពលោក។
ដោយឡែក នៅក្នុងប្រទេសឥណ្ឌា ករណីឆ្លងជំងឺខាងលើ មានប្រមាណជាង ៦ម៉ឺននាក់ និងមនុស្សស្លាប់ មានប្រមាណជាង ២ពាន់នាក់៕