អាស៊ី-ប៉ាស៊ីភិក

Covid-19៖ កូរ៉េខាងជើង មាន​ករណីឆ្លង… ០នាក់!

០នាក់ គ្មានសូម្បីតែម្នាក់ ! គ្មានអ្នកឆ្លងជំងឺ «Covid-19» នៅក្នុងប្រទេសកូរ៉េខាងជើងទេ រាប់ចាប់តាំងពីជំងឺនេះ បានរាតត្បាតពិភពលោក នៅចុងឆ្នាំ២០១៩នេះមក។ នេះ ជាតួលេខ ដែលផ្ដល់ដោយរបបកូរ៉េកុម្មុយនីស្ដិ៍ ហើយត្រូវបានអះអាងបន្ថែម ដោយអង្គការសុខភាពពិភពលោក (WHO /OMS) ក្នុងសប្ដាហ៍នេះ។

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) បានស្រង់របាយការណ៍ របស់ «WHO» មកផ្សព្វផ្សាយថា ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ បានធ្វើតេស្ដិ៍ ជាទៀងទាត់ ទៅលើប្រជាជនរបស់ខ្លួន និងបានដាក់មនុស្ស ៥០០នាក់ ឲ្យរស់នៅដាច់ដោយឡែក ដើម្បីបង្ការការឆ្លងរាលដាល។

«០នាក់» គ្មានអ្នកឆ្លង គ្មានអ្នកស្លាប់ !

អង្គការខាងលើ បានបន្តឲ្យដឹងទៀតថា ដោយសារមន្ទីរពិសោធ ដែលមានទីតាំង ក្នុងរដ្ឋធានី ព្យុងយ៉ាង របបកុម្មុយនីស្ដិ៍កូរ៉េពិតជាមានលទ្ធភាព ក្នុងការធ្វើតេស្ដិ៍ ដើម្បីស្វែងរកករណីឆ្លង។ «WHO» បានឲ្យដឹងថា៖

«គិតមកត្រឹមថ្ងៃទី២ ខែមេសា មនុស្ស ៧០៩នាក់ ក្នុងនោះ៦៩៨នាក់ជាជនជាតិកូរ៉េ និង១១នាក់ ជាជនបរទេស ត្រូវបានឆ្លងកាត់ការធ្វើតេស្ដិ៍ ដើម្បីរកមេរោគ “Covid-19” ហើយគ្មានករណីឆ្លងណាមួយ ត្រូវបានរកឃើញទេ។ មនុស្ស៥០៩នាក់ ក្នុងនោះ២នាក់ជាជនបរទេស ត្រូវបានដាក់ឲ្យនៅដោយឡែក។»

វិទ្យុ-ទូរទស្សន៍រដ្ឋបារាំង «Franceinfo» បានរាយការណ៍ឲ្យដឹងដែរថា ប្រទេសកូរ៉េខាងជើង បានចាត់វិធានការ «យ៉ាងតឹងរឹងបំផុត» រាប់ចាប់ពីមេរោគ «Covid-19» បានផ្ទុះឡើងដំបូង។ ក្នុងនោះ មានដូចជាពាក់ម៉ាស់ នៅតាមផ្លូវ ធ្វើការសម្លាប់មេរោគ នៅតាមមធ្យោបាយដឹកជញ្ជូននានា និងស្ទង់សីតុណ្ហភាព របស់ពលរដ្ឋ នៅតាមទីសាធារណៈជាដើម។

ចាប់ពីថ្ងៃទី២២ ខែមករាមក របបកុម្មុយនីស្ដិ៍កូរ៉េ បានបិទព្រំដែន ជាមួយប្រទេសចិន ដែលជាសម្ព័ន្ធមិត្ត តែមួយរបស់ខ្លួន បន្ទាប់ពីប្រទេសចិន បានផ្ទុះជំងឺនេះ មុននឹងចិនបានចាត់វិធានការ ជាបន្តបន្ទាប់ ដើម្បីទាប់ស្កាត់ការរាតត្បាត នៅលើផ្ទៃប្រទេស។

យ៉ាងណា តួលេខខាងលើ បើទោះជាត្រូវបានអះអាងបន្ថែម ដោយអង្គការសុខភាពពិភពលោកក្ដី នៅតែមិនគួរឲ្យជឿសោះឡើយ សម្រាប់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) ដែលមានភារកិច្ច ឃ្លាំមើលសេរីភាពសារព័ត៌មាន នៅគ្រប់ជ្រុងនៃផែនដី។ ហើយតួលេខនេះទៀតសោធ ក៏មានលក្ខណៈខុសគ្នាឆ្ងាយ ពីតួលេខដែលផ្សាយ ដោយសារព័ត៌មានផ្លូវការ របស់របបកុម្មុយនីស្ដិ៍ កាលពីសប្ដាហ៍មុនដែរ។

អង្គការ «RSF» បានអំពាវនាវឲ្យក្រុងព្យុងយ៉ាង ត្រូវបង្ហាញពីតម្លាភាព ជុំវិញតួលេខនៃករណីឆ្លងជំងឺ ដើម្បីជួយសង្គ្រោះជីវិត នៃអ្នកជំងឺនៅក្នុងប្រទេស។ ជាពិសេស ក្រុងព្យុងយ៉ាងត្រូវអនុញ្ញាត ឲ្យសារព័ត៌មានបរទេស អាចធ្វើការដោយគ្មានការរឹតត្បិត ដើម្បីអង្កេតពីករណីទាំងនោះ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។