យ៉ាងហោច ប្រជាជនឥណ្ឌាជាង៧០០លាននាក់ ត្រូវបង្ខំចិត្ត ឲ្យ«នៅក្នុងផ្ទះ» ចាប់ពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះតទៅ ក្រោមវិធានការរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃមេរោគ«កូរូណា» ឬ«Covid-19»។
មន្ត្រីជាន់ខ្ពស់មួយរូប នៃក្រសួងសុខាភិបាលឥណ្ឌា លោក «Luv Aggarwal» បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងថ្ងៃចន្ទនេះថា៖
«យើងបានដាក់រដ្ឋ និងទឹកដីចំនួន ១៩ នៃសហព័ន្ធឥណ្ឌាទាំងមូល នៅក្នុងបម្រាម ហាមចេញពីផ្ទះ ទោះក្នុងហេតុផលណាក៏ដោយ។ រដ្ឋ និងទឹកដីចំនួន៦ផ្សេងទៀត ក៏បាន និងកំពុងចាត់វិធានការ ដូចគ្នានេះដែរ។»
មកដល់ម៉ោងនេះ ប្រទេសឥណ្ឌាទាំងមូល មានករណីឆ្លងមេរោគ«Covid-19» ចំនួន ៤៦៨នាក់ និងមានអ្នកជំងឺ ១៧នាក់ បានស្លាប់។
ឥណ្ឌាជាប្រទេសសហព័ន្ធ ដែលរួមប្រជុំដោយរដ្ឋចំនួន២៨ និងទឹកដីចំនួន៨ ហើយមានចំនួនប្រជាជនសរុបទាំងអស់ ជាង១,៣ពាន់លាននាក់ (ច្រើនជាងគេ ក្នុងពិភពលោក និងទីពីរ បន្ទាប់ពីប្រទេសចិន)៕