អាស៊ី-ប៉ាស៊ីភិក

អាជ្ញាធរចិន​រឹបអូស​គ្រឿងចម្លាក់​មកពី​កម្ពុជា ដែល​សង្ស័យ​«ធ្វើពីភ្លុកដំរី»

អាជ្ញាធរគយខេត្តណានណីង (Nanning) ក្នុងភាគខាងត្បូងប្រទេសចិន បានរឹបអូសគ្រឿងចម្លាក់ចំនួនបួន ដែលសង្ស័យថា«ធ្វើពីភ្លុកដំរី»។ នេះ បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការចិន «ស៊ីនហួរ» ដោយស្រង់ប្រភពពីមន្ត្រីគយ មកបញ្ជាក់។

គ្រឿងចម្លាក់ទាំង៤នោះ មានបីគ្រឿងជាសម្ភារៈតុបតែង ក្នុងព្រះពុទ្ធសាសនា និងមួយគ្រឿងជារូបចម្លាក់មុខមនុស្ស។ សម្ភារៈទាំងបួននេះ មានទំងន់សរុប២០៨,៧ក្រាម និងត្រូវបានខ្ចប់ជាពីរកញ្ចប់។ មួយកញ្ចប់ ផ្ញើរចេញពីប្រទេសកាឡេដូនីថ្មី និងមួយទៀត ផ្ញើរចេញពីប្រទេសកម្ពុជា។

ទីភ្នាក់ងារផ្លូវការចិន បានស្រង់ប្រភពមន្ត្រីគយ មកអះអាងបន្តថា គ្រឿងលំអទាំងនេះ នឹងត្រូវបញ្ជូនទៅឲ្យមន្ទីរពិសោធន៍ ដើម្បីពិនិត្យមើល ថាវាពិតជា«ធ្វើពីភ្លុកដំរី» ឬយ៉ាងណា។

កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំទៅម៉ិញ អាជ្ញាធរខ្មែរបានរកឃើញ ភ្លុកដំរីចំនួន ១០២៦ភ្លុក ដែលមានទំងន់ ជាង៣,៥តោន។ ភ្លុកទាំងនោះ ត្រូវបានលាក់ក្នុងកុងទឺន័រមួយ ដែលមានវត្តមានទុកចោល ក្នុងកំពង់ផែស្វយ័តភ្នំពេញ តាំងពីខែកក្កដាកន្លងមក។

ការរកឃើញភ្លុកដំរី ក្នុងចំនួនដ៏សម្បើមនោះ ធ្វើឡើងដោយសារ ការផ្ដល់ដំណឹងសម្ងាត់ ពីសំណាក់ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា ដោយមានការស្រាវជ្រាវ ជាមុន ពីសំណាក់ផ្នែកជលផល និងសត្វព្រៃអាមេរិក រួមនឹងផ្នែកព័ត៌មានសំងាត់ របស់ក្រសួងសន្តិសុខមាតុភូមិអាមេរិក។

តាំងពីចុងឆ្នាំ២០១៧មក ប្រទេសចិនបានបង្ហាញ ពីការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះការថៃរក្សាការពារសត្វដំរី ដោយធ្វើការហាមឃាត់ នូវរាល់ការជួញដូរ ឬការធ្វើពាណិជ្ជកម្ម ចំពោះអ្វីក៏ដោយ ដែលធ្វើចេញពីភ្លុកដំរី នៅលើទឹកដីរបស់ខ្លួន៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។