ប្រសិនជាតៃវ៉ាន់ប្រកាសឯករាជ្យ នោះសង្គ្រាមក្នុងសមុទ្រចិនខាងកើត នឹងផ្ទុះឡើង។ នេះ ជាការគម្រាមឡើងខ្លាំងៗ របស់ក្រុងប៉េកាំង ដាក់កោះតៃវ៉ាន់ ដែលប្រទេសចិនកុម្មុយនីស្ដិ៍ ចាត់ទុកជាខេត្តបះបោរមួយរបស់ខ្លួន។ ការគម្រាមនេះ ធ្វើឡើងក្នុងខណៈកោះតៃវ៉ាន់ កំពុងរៀបចំសមយុទ្ធឯករាជ្យនិយម ដោយមានការគាំទ្រពីសហរដ្ឋអាមរិក។
អ្នកនាំពាក្យរដ្ឋាភិបាលក្រុងប៉េកាំង បានថ្លែងកាលពីថ្ងៃពុធថា ការហោះរំលងច្រកសមុទ្រតៃវ៉ាន់ ដោយយន្ដហោះចម្បាំងរបស់កងទ័ពចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ គឺជា«ការព្រមានដ៏ឧឡារិក» ទៅដល់តួអង្គពាក់ព័ន្ធទាំងឡាយ។
កាលពីចុងសប្ដាហ៍មុន យន្ដហោះចម្បាំង និងយន្ដហោះប្រដេញរបស់កងទ័ពចិន ប្រមាណជាង១០គ្រឿង បានហោះរំលងពីលើដែនទឹកសមុទ្រតៃវ៉ាន់។ សកម្មភាពនេះ បង្កឲ្យមានប្រតិកម្មពីសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលថ្មី នៃលោកប្រធានាធិបតី ចូ បៃដិន (Joe Beden) ដោយអះអាងថា ការគាំទ្រកោះតៃវ៉ាន់ ពីសំណាក់សហរដ្ឋអាមេរិក នៅតែ«រឹងមាំដូចថ្ម» និងបានជំរុញឲ្យក្រុងប៉េកាំង ត្រូវ«បញ្ឈប់ការដាក់សម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ច» ប្រឆាំងកោះតៃវ៉ាន់។
នៅថ្ងៃព្រហស្បត្តិ៍នេះ លោក «Wu Qian» អ្នកនាំពាក្យក្រសួងការពារជាតិចិន បានថ្លែងព្រមានដោយត្រង់ៗថា៖
«ប្រតិបត្តិការយោធា របស់កងទ័ពប្រជាជនរំដោះចិន នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ជាកិច្ចការដ៏ចាំបាច់ ដើម្បីធ្វើការប្រឈមនឹងស្ថានភាពបច្ចុប្បន្ន (…) និងដើម្បីថែរក្សានូវបូរណភាពទឹកដី ក៏ដូចជាសន្តិសុខជាតិ។ វាជាការឆ្លើយតប ដ៏ឧឡារិក ទៅនឹងការជ្រៀតជ្រែកពីខាងក្រៅ និងការបង្ករឿង នៃកងកម្លាំង ដែលមានប៉ុនប៉ងចង់បានឯករាជ្យ សម្រាប់កោះតៃវ៉ាន់។»
អ្នកនាំពាក្យបន្តថា៖
«នរណាក៏ដោយ ដែលលេងភ្លើង រមែងអីនឹងរលាក ហើយ”ការប្រកាសឯករាជ្យ របស់កោះតៃវ៉ាន់” មានន័យស្មើនឹងសង្គ្រាម។»
កោះតៃវ៉ាន់ មានប្រជាជនរស់នៅ ជាង២៣លាននាក់។ តាំងពីឆ្នាំ១៩៤៥រហូតមក កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រង ដោយរបបមួយហៅថា «សាធារណរដ្ឋចិន» ដែលបានរត់គេចខ្លួន ចេញពីប្រទេសចិនដីគោក បន្ទាប់ពីក្រុមកុម្មុយនីស្ដិ៍ដឹកនាំដោយលោក ម៉ៅ សេទុង ដណ្ដើមបានជ័យជំនះ និងដឹកនាំរដ្ឋាភិបាល នៅរដ្ឋធានីប៉េកាំង។
សព្វថ្ងៃនេះ កោះតៃវ៉ាន់ស្ថិតក្រោមការដឹកនាំ របស់រដ្ឋាភិបាលប្រជាធិបតេយ្យ របស់អ្នកស្រីប្រធានាធិបតី «Tsai Ing-wen» ដែលនិយម«ឯករាជ្យ»។
យ៉ាងណា បើទោះជាភាពតានតឺង បានកើនកម្ដៅម្ដេចក្ដី ក៏ស្ថានភាពសេដ្ឋកិច្ច នៃប្រទេសចិនដីគោក និងកោះតៃវ៉ាន់ នៅតែមានទំនាក់ទំនងរវាងគ្នា ហើយពលរដ្ឋទាំងសងខាង នៅតែអាចធ្វើដំណើរទៅមក ដោយគ្រាន់តែមានឯកសារឆ្លងកាត់មួយ នៅក្នុងដៃប៉ុណ្ណោះ៕