អាស៊ី-ប៉ាស៊ីភិក

កងទ័ព​ចិន​និង​សព្វាវុធ ត្រូវបាន​ឃើញ​ចល័ត​មក​ជាប់«ព្រំដែន»​ហុងកុង

កងកម្លាំងអាវុធហត្ថ របស់ប្រទេសចិន ត្រូវបានចល័ត ឲ្យមកឈរជើង និងហ្វឹកហាត់ នៅក្នុងកីឡដ្ឋានមួយ នៃក្រុង «Shenzhen» ដែលនៅជាប់ជាមួយ«ព្រំដែន»​ក្រុងហុងកុង។ នេះ បើតាមការសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ដែលអះអាងថា គឺអ្នកសារព័ត៌មានរបស់ខ្លួន ជាអ្នកបានឃើញផ្ទាល់ និងបានផ្តិតយករូបភាព ពីហេតុការណ៍នេះ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា កងកម្លាំងទាំងនោះបានធ្វើការហ្វឹកហាត់ ដូចជាការចល័តទាំងក្រុម ការរត់ និងការជិះម៉ូតូ នៅក្នុង និងជុំវិញកីឡដ្ឋាន ដែលមានចម្ងាយប្រមាណ តែ៧គីឡូម៉ែត្រប៉ុណ្ណោះ ពីច្រក«ព្រំដែន»នៃក្រុង ហុងកុង

មូលហេតុនៃវត្តមាន របស់កងកម្លាំងទាំងអស់នេះ ក្នុងតំបន់នោះ មិនត្រូវបានបញ្ចេញ ឲ្យដឹងទេ។

សម្រាប់លោក «Liu Xiaoming» ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅចក្រភពអង់គ្លេស បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងថ្ងៃនេះថា៖

«បើស្ថានភាពនៅតែបន្តយ៉ាប់យ៉ឺន ហើយសណ្ដាប់ធ្នាប់សាធារណៈ មិនអាចគ្រប់គ្រងបាន ដោយរដ្ឋាភិបាល (ហុងកុង) អញ្ចឹងរដ្ឋាភិបាលកណ្ដាល នឹងមិនឈរឱបដៃមើលនោះទេ។»

មន្ត្រីការទូតរូបនេះបន្តថា៖

«ប្រទេសចិនមានមធ្យោបាយ និងឥទ្ធិពលគ្រប់គ្រាន់ ដើម្បីបង្ក្រាបភាពអាណាធិបតេយ្យ បានយ៉ាងឆាប់រហ័ស។»

ក្រុងហុងកុង ត្រូវបានគ្របដណ្ដប់ ជាបន្តបន្ទាប់ ដោយបាតុកម្មទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសទាមទារឲ្យ រដ្ឋាភិបាលក្រុងប៉េកាំង ដកឥទ្ធិពលរបស់ខ្លួន ចេញពីអតីតដែនដី អាណានិគមអង់គ្លេសមួយនេះ។

ក្នុងរយៈពេលចុងក្រោយ ក្រុងប៉េកាំងបានពន្លេចពាក្យចចាមអារ៉ាមជាច្រើន ក្នុងការចូលធ្វើអន្តរាគមន៍ បង្ក្រាបបាតុកម្ម​ក្នុង​ក្រុងហុងកុង ដើម្បីអ្វីមួយ ដែលប្រទេស​កុម្មុយនិស្ត​ហៅថា ជាការថែរក្សាសណ្ដាប់ធ្នាប់។ សារព័ត៌មានផ្លូវការ របស់រដ្ឋចិន ថែមទាំងបានបង្ហោះវីដេអូ ស្ដីពីការចល័តទ័ពយ៉ាងសន្ធឹកសន្ធាប់ ឆ្ពោះទៅកាន់ក្រុង «Shenzhen» នោះផង។

លោក «Liu Xiaoming» បញ្ជាក់ទៀតថា៖

«ក្រុងហុងកុង ជាផ្នែកមួយរបស់ប្រទេសចិន។ គ្មានបរទេសណាមួយ មានសិទ្ធិជ្រៀតជ្រែក ចូលក្នុង​រឿងនេះ​បានទេ។ យើងសូមស្នើ ដល់ប្រទេសមហាអំណាចទាំងអស់ ត្រូវគោរពអធិបតេយ្យភាព របស់ប្រទេសចិន។»

កាលពីថ្ងៃពុធ ក្រុងប៉េកាំងបានចោទប្រកាន់ក្រុមអ្នកតវ៉ា នៅក្រុងហុងកុង ថាបានធ្វើ​ទង្វើ​ប្រៀបបាន​នឹង​«ពួក​ភេរវជន»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីបាតុកម្មតវ៉ា បានផ្ទុះចេញជាអំពើហិង្សា និងការឆ្លើយតបយ៉ាងចាស់ដៃ ពីសំណាក់អាជ្ញាធរ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។