អាស៊ី-ប៉ាស៊ីភិក

បោះឆ្នោត​ប្រធានាធិបតីអាមេរិក៖ ចិន អបអរជ័យជំនះ​របស់ បៃដិន

សម្រេចសម្រួលទៅ ប្រទេស«ចិន»ប្រជាមានិត បានសំដែងការអបអរ ចំពោះជ័យជំនះ​របស់លោក ចូ បៃដិន (Joe Biden) នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០។ នេះ បើតាមការប្រកាសឡើង របស់លោក «Wang Wenbin» អ្នកនាំពាក្យ​ក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃសុក្រនេះ។

លោក «Wang Wenbin» បានថ្លែងថា៖

«យើងគោរពជម្រើស របស់ប្រជាជនអាមេរិក។ យើងសូមសំដែង នូវការអបអរសាទរ របស់យើង ចំពោះលោក ចូ បៃដិន និងអ្នកស្រី កាម៉ាឡា ហារី (Kamala Harris)។»

យ៉ាងណា ប្រទេសចិនបានរង់ចាំ រហូតដល់៦ថ្ងៃ​ក្រោយលទ្ធផលព្យាករណ៍ ដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយធំៗ នៅសហរដ្ឋអាមេរិក ស្ដីពីជ័យជំនះរបស់លោក បៃដិន កាលពី​ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ដែលផ្ទុយស្រឡះ ពីប្រទេសជាច្រើននៅជុំវិញពិភពលោក ដែលបាន​ចេញសារអបអរប្រធានាធិបតីជាប់ឆ្នោត ភ្លាមៗ ឬយូរបំផុត ១-២ថ្ងៃក្រោយ។

ប៉ុន្តែប្រទេសចិន បានប្រកាសអំពីជំហររបស់ខ្លួន ខាងលើនេះ មុនប្រទេសរ៉ុស្ស៊ី ដែលនៅតែបន្តភាពស្ងាត់ស្ងៀម របស់ខ្លួន។

នៅចំពោះសំនួរ អំពីការមិនសុខចិត្ត របស់លោក ដូណាល់ ត្រាំ ចំពោះលទ្ធផលព្យាករណ៍ នៃការបោះឆ្នោត មន្ត្រីអ្នកនាំពាក្យ​ក្រសួងការបរទេសចិន បានលើកឡើងថា លទ្ធផលនៃ​ការបោះឆ្នោត ត្រូវបាន​បញ្ជាក់ ដោយអនុលោមតាមច្បាប់ និងនីតិវិធី នៃការបោះឆ្នោត របស់សហរដ្ឋអាមេរិក។

បៃដិន ធ្លាប់ហៅប្រធានាធិបតី«ចិន» ថាជា«ជនបាតផ្សារ»

បើទោះជាលោក ត្រាំ បានបង្កឲ្យមានរកាំរកូសខ្លាំង នៅក្នុងទំនាក់ទំនង រវាង​ចិននិង​អាមេរិក​នោះ តែភាពតំអក់របស់ក្រុងប៉េកាំង ក្នុងការប្រកាសអបអរលោក បៃដិន ត្រូវបានគេ​មើលឃើញថា ប្រទេសកុម្មុយនីស ទំនងមានបំណង ចង់ឲ្យប្រធានាធិបតីចប់​អាណត្តិ នៅបន្តកាន់អំណាច ជាជាងលោក បៃដិន។

ក្រុមអ្នកជំនាញ​បានពន្យល់ថា រដ្ឋាភិបាលក្រុងប៉េកាំង ចង់ឲ្យរដ្ឋបាលរបស់​លោក ត្រាំ នៅបន្តកាន់អំណាច ព្រោះលោក ត្រាំ បាននិងកំពុង​ធ្វើឲ្យសហរដ្ឋអាមេរិក រួមនឹង​សម្ព័ន្ធមិត្ត​​នៅបស្ចឹមលោក ចុះខ្សោយ។

ផ្ទុយទៅវិញ រដ្ឋបាលលោក បៃដិន និងអ្នកស្រី ហារី ដែលចេញពីគណបក្សប្រជាធិបតេយ្យ ប្រាកដជាចាត់វិធានការ យ៉ាងចាស់ដៃ ដើម្បីដាក់សម្ពាធ​ ទៅលើប្រទេសចិន ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស និងករណីជាច្រើនទៀត។

គួររំឭកដែរថា នៅក្នុងយុទ្ធនាការបោះឆ្នោត លោក ចូ បៃដិន ធ្លាប់បានហៅលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន ថាជា«ជនបាតផ្សារ»។ ប្រធានាធិបតី​ជាប់ឆ្នោត បានថ្លែងនៅពេលនោះ​ថា៖

«(លោក ស៊ី) គឺជាមនុស្សម្នាក់ ដែលគ្មានជាតិជៅ នៃលទ្ធិប្រជាធិបតេយ្យ សូម្បីតែបន្តិច នៅក្នុងសាច់ឈាម របស់ខ្លួន៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។