មហាសេដ្ឋីចិន លោក ជេក ម៉ា (Jack Ma) បានបាត់ដំណឹងសូន្យឈឹង តាំងពីចុងខែតុលាកន្លងទៅ បន្ទាប់ពីលោកត្រូវបានអាជ្ញាធរចិនកោះហៅ ភ្លាមៗក្រោយការថ្លែងសុន្ទរកថាមួយ របស់លោក ដែលរិះគន់ទៅដល់របបក្រុងប៉េកាំង។
សារព័ត៌មានអង់គ្លេស «The Financial Times» បានអះអាងថា លោក ម៉ា បានបាត់ខ្លួនតាំងពីថ្ងៃទី២៤ ខែតុលា។ នៅថ្ងៃនោះ មហាសេដ្ឋីដែលមានប្រាក់លំដាប់ទី២៥ ក្នុងពិភពលោក បានថ្លែងសុន្ទរកថាមួយ រិះគន់នយោបាយដឹកនាំ របស់រដ្ឋាភិបាលចិនកុម្មុយនីស្ដិ៍ ដោយបានអំពាវនាវក្រុងប៉េកាំង ឲ្យធ្វើកែទម្រង់វិស័យហិរញ្ញវត្ថុ។
សារព័ត៌មានបារាំង «Ouest France» បានពន្យល់លំអិតថា ភ្លាមៗក្រោយការថ្លែងនោះ ស្ថាបនិកសហគ្រាសយក្ស «Alibaba» លោក ជេក ម៉ា ត្រូវបានអាជ្ញាធរកោះហៅ ហើយក៏បាត់ដំណឹងរបស់លោក សូន្យឈឹងចាប់ពីពេលនោះមក។ នៅលើបណ្ដាញសង្គមទ្វីសធើរ សារចុងក្រោយបង្អស់របស់លោក ត្រូវបានបង្ហោះ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
រឿងរ៉ាវបន្តបន្ទាប់ ក៏កាន់តែអាក្រក់ដែរ សម្រាប់រូបលោក នឹងសហគ្រាសយក្ស «Alibaba»។ នោះ គឺរដ្ឋាភិបាលចិនបានសម្រេចព្យួរធនាគារ «ANT» ពីទីផ្សារភាគហ៊ុន។ ធនាគារមួយនេះ ជាផ្នែកមួយនៃសហគ្រាស «Alibaba» ហើយការសម្រេចរបស់រដ្ឋាភិបាល បង្កឲ្យតម្លៃភាគហ៊ុន របស់សហគ្រាស ធ្លាក់ចុះយ៉ាងខ្លាំង។
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រុងប៉េកាំង បានប្រកាសបើកការស៊ើបអង្កេតមួយឡើង ដោយសង្ស័យសហគ្រាសរបស់លោក ជេក ម៉ា ថាបានអនុវត្តន៍ជំនួញ ដែលមាន«ភាពអុងអាត់»តែឯង។ នៅចំពោះហេតុការណ៍ទាំងនេះ គេមិនឃើញមហាសេដ្ឋីរូបនេះ ចេញមុខមកធ្វើប្រតិកម្ម ឬដោះស្រាយទេ។
ក្នុងខែវិច្ឆិកា លោក ម៉ា ត្រូវចូលរួមធ្វើជាចៅក្រម ដើម្បីសម្រេចសេចក្ដី នៅក្នុងកម្មវិធីផ្ដាច់ព្រ័ត្រមួយ ហៅថា «Africa’s Business Heroes» ដែលរូបលោកផ្ទាល់ ជាអ្នកផ្ដួចផ្ដើមគំនិត។ តែគេបែជាឃើញសហសេវិនី របស់លោក ជាអ្នកទៅចូលរួមជំនួសវិញ។ សហសេវិនីរូបនោះ បានបកស្រាយពីអវត្តមាន របស់លោក ម៉ា ថាមកពីលោកមានកម្មវិធីច្រើនផ្សេង ដែលពិបាកឲ្យលោកដកខ្លួន មកចូលរួមក្នុងកម្មវិធីខាងលើ។
សារព័ត៌មានបារាំង «Le Monde» បានរាយការណ៍បន្ថែមថា របបកុម្មុយនីស្ដិ៍ចិន តែងមានទម្លាប់កម្ចាត់នរណាក៏ដោយ ដើម្បីបំបិទមាត់ជននោះ កុំឲ្យធ្វើការរិះគន់ ទៅលើខ្លួន។
«Le Monde» ក៏បានលើកយកសំដី របស់លោកមហាសេដ្ឋីចិនមួយរូបទៀត ឈ្មោះ «Guo Wengui» ដែលបាននិយាយទុកមុន អំពីលោក ជេក ម៉ា មកបញ្ជាក់ដែរ។ លោក «Guo Wengui» ដែលបានរត់គេចពីប្រទេសចិន ក្នុងឆ្នាំ២០១៤ បានអះអាងកាលពីឆ្នាំ២០១៩ ថាក្នុងឆ្នាំ២០២០ខាងមុខ លោក ម៉ា អាចនឹងមានវាសនា ដេកក្នុងគុក ឬដល់ថ្នាក់ស្លាប់ ដោយហេតុថា ប្រទេសចិនមានបំណង ចង់ត្រួតត្រាលើសហគ្រាសរបស់លោក៕